(ហាវ៉ៃ)៖ យោធាអាមេរិក និងកងស្វ័យការពារនៃប្រទេសជប៉ុន​បានសហការគ្នា ធ្វើតេស្តមីស៊ីលរបស់​ជប៉ុន Type 12 ដែលជា​​​ប្រភេទ​វាយ​ប្រហារ​ចេញពីផ្ទៃដីទៅកាន់នាវា ហៅកាត់ថា SSM-12 តាមរយៈការបាញ់​មីស៊ីលនេះ ទៅកាន់នាវា​មួយគ្រឿង នៅ​ចម្ងាយ​ជិត​១០០គីឡូ​​ម៉ែត្រ​​ពី​ឆ្នេរ​នៃ​កោះ កូអៃ (Kauai) របស់រដ្ឋហាវ៉ៃ នៃមហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះ​បើ​តាម​ការ​​ដក​ស្រង់​ការ​ផ្សាយ​​ចេញ​ពី​សារ​ព័ត៌​មាន​​រុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។

ការធ្វើតេស្ត​ខាងលើ ដែលកើតមាននៅក្នុងអំឡុង​នៃការធ្វើសមយុទ្ធយោធា​ជើងទឹក Rim of Pacific ឬ RIMPAC 2018 ត្រូវបាន​ធ្វើ​ឡើង​ ក្រោមគោលដៅ​ស្ទាបស្ទង់លើ​សមត្ថភាព ក្នុងការទាក់ទងគ្នា​ដោយប្រសិទ្ធភាព ដើម្បីសម្របសម្រួល​ការវាយប្រហារ។ ប្រតិបត្តិការនេះ​អាចចាត់ទុកថា ជាឱកាសប្រវត្តិសាស្រ្តមួយរវាង​កងទ័ពអាមេរិក និងជប៉ុន ខណៈពេល​កម្លាំង​នៃប្រទេសទាំងពីរ​ បានធ្វើ​ការងារជាមួយគ្នាយ៉ាង​សកម្ម។

គួរជម្រាបថា សមយុទ្ធ​យោធា RIMPAC ដែលមានការចូលរួម​ពីប្រទេស​ចំនួន ២៥ នាវាចម្បាំង ៤៦គ្រឿង, នាវាមុជទឹក ០៥គ្រឿង, និង​យន្តហោះចម្បាំង​ជាង ២០០គ្រឿង រួមជាមួយកងទ័ព​ប្រមាណ ២៥,០០០នាក់ នៅហាវ៉ៃនោះ​នឹងបញ្ចប់​នៅថ្ងៃទី០២ ខែសីហា​ខាងមុខ​៕