(វ៉ាស៊ីនតោន)៖ មន្រ្តីស៊ើបការណ៍​សម្ងាត់រុស្ស៊ី​ចំនួន ១២នាក់ ត្រូវបានចោទ​ប្រកាន់​ជាផ្លូវការ ពីបទវាយលុក​តាមប្រព័ន្ធ​ព័ត៌មានវិទ្យា​ ទៅលើយុទ្ធនាការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ២០១៦ របស់​លោកស្រី ហ៊ីឡារី គ្លីនតុន និងទៅលើ​គណបក្ស​​​ប្រជា​ធិ​ប​តេយ្យ​ ខណៈទង្វើនេះ​ត្រូវបានធ្វើឡើង​នៅតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ មុនពេល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចូលរួម​កិច្ចប្រជុំ​ជាមួយសមភាគី​រុស្ស៊ីរបស់​លោក គឺលោក វ៉្លាឌីមៀ ពូទីន។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី សារព័ត៌មានចិន CGTN នៅព្រឹក​ថ្ងៃសៅរ៍ ទី១៤​ ខែកក្កដា ឆ្នាំ២០១៨។

ការចោទប្រកាន់​ខាងលើ​ត្រូវបានរៀបចំឡើងដោយ​រដ្ឋអាជ្ញា​ពិសេស លោក រ៉ូបឺត មូលើ (Robert Mueller) ជាអតីត​នាយក​ស្ថាប័ន FBI និងបច្ចុប្បន្ន​ជាអ្នកដឹកនាំការ​ស៊ើបអង្កេត ទៅលើរឿងអាស្រូវ​ដែលថា រដ្ឋាភិបាល​រុស្ស៊ី បានលូកដៃ​ចូលក្នុងកិច្ចការបោះឆ្នោត​អាមេរិក​​ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦ និងទៅលើ​រឿងថា តើមានសមាជិកណាមួយ​នៃក្រុមយុទ្ធនាការ​បោះឆ្នោត​របស់លោក ដូណាល់ ត្រាំ មាន​ឃុបឃិត​ជាមួយទីក្រុង​ម៉ូស្គូដែរ ឬអត់។

គួរជម្រាបថា ថ្នាក់ដឹកនាំបក្ស​ប្រជាធិបតេយ្យ​អាមេរិក ភ្លាមៗបានអំពាវនាវ​ឲ្យលោក ត្រាំ លុបចោលជំនួប​ដែលត្រូវបានគ្រោង​ទុកថា នឹងធ្វើឡើងនា​ថ្ងៃចន្ទដើមសប្តាហ៍​ក្រោយជាបន្ទាន់ ប៉ុន្តែសេតវិមាន​បានបញ្ជាក់​កិច្ចប្រជុំនេះ នឹងត្រូវប្រព្រឹត្តដោយ​គ្មានការផ្លាស់ប្តូរ​​ឡើយ​។ ខណៈពេល​នេះ លោក ត្រាំ កំពុងស្ថិតក្នុង​ដំណើរបំពេញទស្សនកិច្ច​នៅឯតំបន់អឺរ៉ុប ហើយលោកនឹង​ត្រូវជួប​លោក ពូទីន នៅ​ទីក្រុង​ហែលស៊ីនគី (Helsinki) ប្រទេស​ហ្វាំងឡង់ នៅថ្ងៃទី១៦ ខែ​កក្កដានេះ៕