(ព្រុចសែល)៖ ថ្ងៃទីមួយនៃ​កិច្ចប្រជុំកំពូលអង្គការ​ណាតូ (NATO) បានប្រព្រឹត្តទៅ​ក្រោមភាពតាន​តឹង និងអាប់អួរ​ជាខ្លាំង ដោយសារតែ ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ បានទាញ​កាណុងរិះគន់​ដោយឥតសម្ចៃមាត់ លើបណ្ដាប្រទេស​ជាសមាជិក ជាពិសេសគឺ​អាល្លឺម៉ង់ ជុំវិញការបង់​ប្រាក់មិនគ្រប់គ្រាន់​តាមការចង់បាន​របស់សហរដ្ឋអាមេរិក​ លើកញ្ចប់ថវិកា​ការពារនៃ​អង្គការ​ណាតូតែម្តង។ កិច្ចប្រជុំ​កំពូលណាតូ​ប្រព្រឹត្ត​ទៅរយៈពេល ០២ថ្ងៃគឺពីថ្ងៃពុធ ទី១១ រហូតដល់​ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដានេះ​ក្នុងទីក្រុង​ព្រុចសែល នៃប្រទេសប៊ែលហ្សិក។

១៖ បង់ប្រាក់មិនស្មើភាព និងសម្ព័ន្ធមិត្ត​មិនទទួលខុសត្រូវ

លោក ដូណាល់ ត្រាំ បានឆ្លៀតយក​ឱកាសនៅក្នុងកិច្ច​ប្រជុំអង្គការណាតូ ទាមទារឱ្យបណ្ដា​ប្រទេសជាសមាជិក​ទាំងអស់ បង្កើនកញ្ចប់ថវិកា​ការពារជាតិរបស់​ខ្លួនទ្វេដង។ ប៉ុន្តែការ​ទាមទារនេះ ទទួលបាន​ការរិះគន់យ៉ាងខ្លាំង​ពីអាល្លឺម៉ង់ និង​ដាណឺម៉ាក។ លោក ត្រាំ បានលើកឡើង​នៅក្នុងជំនួបជាមួយ​អគ្គលេខាធិការ​ណាតូ លោក Jens Stoltenberg ​យ៉ាងដូច្នេះថា «ប្រទេសជាច្រើនមិនបាន​ចំណាយអ្វី ដែលពួកគេ​គួរត្រូវចំណាយ​នោះទេ ហើយរហូត​ដល់មានប្រទេស​មិន​ទទួលខុស​ត្រូវខ្លះ ជំពាក់លុយយើង​ទៅ​ទៀត។

ប្រទេសជា​សមាជិកណាតូ ត្រូវតែបង់ប្រាក់​ឱ្យបានទ្វេដង ពោលគឺមិនមែន​ត្រឹម ២ ភាគរយនោះទេ តែគឺ​៤ភាគរយលើវិស័យការពារ​ជាតិ នៃ GDP ​របស់ពួកគេ រីឯអាមេរិកវិញគួរ​ត្រូវបង់តិចតួច​ប៉ុណ្ណោះ»។

២៖ តើអាល្លឺម៉ង់​គឺជាចំណាប់ខ្មាំង​របស់រុស្ស៊ី?

ទាំងមុន និងនៅអំឡុងកិច្ច​ប្រជុំណាតូ លោក ដូណាល់ ត្រាំ បានរិះគន់អាល្លឺម៉ង់​ច្រើនជាងគេ ដោយក្រៅ​តែពីបន្ទោសថា​ បង់ប្រាក់ មិនគ្រប់លើកញ្ចប់​ថវិកា​ការពាររបស់​ណាតូ ប្រធានាធិបតី​អាមេរិក​រូបនេះក៏បានចង្អុលមុខ​ទីក្រុងប៊ែរឡាំង​ផងដែរថា​ បានក្លាយជា​ចំណាប់ខ្មាំង​របស់រុស្ស៊ី។ លោក ត្រាំ ធ្វើការរិះគន់ធ្ងន់ៗ​បែបនេះ​ ដោយចង់សំដៅ​កិច្ច​​ព្រម​ព្រៀង​សាងសង់​​បណ្តាញ​ផ្គត់ផ្គង់​​ឧស្ម័ន Nord Stream-2 រវាងរុស្ស៊ី និងអាល្លឺម៉ង់ ​ដែលទទួល​ការផ្គត់ផ្គង់ឥន្ធនៈ​ពី​រុស្ស៊ីដល់​​ទៅជាង ៦០ភាគរយ នៃឧស្ម័នធម្មជាតិ។

៣៖ រុស្ស៊ីមិនមែន​ជាការគំរាម​កំហែងជិតនឹង​មកដល់ ហើយគ្រីមមៀ​​ក៏មិនមែនជាមូលហេតុ​ធ្វើឱ្យរុស្ស៊ីឯកោ​ដែរ?

ខណៈប្រទេសលោក​ខាងលិចភាគច្រើន ជាពិសេសគឺ​ប្រទេសអឺរ៉ុបខាងកើត​ដែលមានព្រំដែន​ក្បែររុស្ស៊ី សុទ្ធតែមើលឃើញ​ថា ការ ពង្រីកឥទ្ធិពល​របស់ទីក្រុងម៉ូស្គូ គឺជាការគំរាមកំហែង​ដ៏ធំរបស់ពួកគេ អគ្គលេខាធិការ​អង្គការណាតូ លោក Jens Stoltenberg បែរជាអះអាង ទៅវិញថា ​រុស្ស៊ីមិនមែនជា​ការគំរាមកំហែង​ជិតនឹងមកដល់ ចំពោះសម្ព័ន្ធមិត្ត​នោះឡើយ។ មិនតែ​ប៉ុណ្ណោះ លោក​ក៏បានកត់សម្គាល់​ដែរថា វិបត្តិនៅតំបន់​គ្រីមៀ មិនមែនជាមូលហេតុ​ចម្បងក្នុងការធ្វើ​ឱ្យរុស្ស៊ីឯកោ ឬក៏បញ្ឈប់កិច្ចសន្ទនា​ជាមួយ រុស្ស៊ីនោះ​ទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ​មេដឹកនាំណាតូ បានអញ្ជើញប្រទេស​ម៉ាសេដូនីជាផ្លូវការ ឱ្យចូលរួមនៅក្នុងកិច្ចពិភាក្សា​ស្ដីពីសមាជិក​ភាព។ ប៉ុន្តែទីក្រុងម៉ូស្គូ បានជំទាស់​យ៉ាងខ្លាំង​នឹងកិច្ចពិភាក្សា ខណៈក្រុមអ្នក​ជំនាញខ្លះព្យាករណ៍ថាភាពតាន​តឹង​នៅក្នុង​តំបន់​អឺរ៉ុប នឹង​ផ្ទុះឡើងជាថ្មី ហើយរុស្ស៊ីនឹង​កាន់តែបង្កើនវត្តមាន​យោធា នៅតំបន់តាមព្រំដែន​របស់ខ្លួនជាប់​បណ្តាប្រទេសអឺរ៉ុបដែលជាសមាជិកអង្គការ NATO៕

ប្រភព៖ Russian Today​