(ប្រទេសថៃ)៖ វាគឺជាដំណឹងដ៏ល្អមួយ បន្ទាប់ពីកុមាររួមទាំងគ្រូបង្វឹកជនជាតិថៃសរុបចំនួន ១៣នាក់ ត្រូវបានសង្គ្រោះចេញពីរូងភ្នំដោយសុវត្ថិភាព តែត្រូវបន្តសម្រាក​ព្យាបាលក្នុង​មន្ទីរពេទ្យ ដើម្បីធ្វើឱ្យស្ថានភាព​សុខភាពមានភាព​ប្រសើរឡើង។ ខាងក្រោមជាការ​សរុបព័ត៌មានលម្អិត​ជុំវិញហេតុការណ៍​ខាង​លើនេះ៖

* កាលបរិច្ឆេទ៖ ជនរងគ្រោះ​ទាំង ១៣នាក់ បានបាត់ខ្លួន​កាលពីថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ និងត្រូវបានថ្ងៃរកឃើញនាថ្ងៃទីចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨ គឺមានរយៈពេល ០៩ថ្ងៃ បន្ទាប់ពីការបាត់ខ្លួន និងត្រូវបាន​ជួយសង្គ្រោះចេញ​មកក្រៅទាំងអស់​​នាថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ មានន័យថា ពួកគេត្រូវជាប់​ក្នុងរូងភ្នំសរុបរហូត​ដល់រយៈពេល ១៨ថ្ងៃ (គិតត្រឹមថ្ងៃដែល​ជនរងគ្រោះចុងក្រោយ​ត្រូវបានសង្គ្រោះចេញពីរូង​ភ្នំនាថ្ងៃទី១០ ខែកក្កដា ខណៈប្រតិបត្តិការសង្គ្រោះ​ទាំងអស់​ត្រូវប្រើពេលបីថ្ងៃ)។

* ទីកន្លែងកើតហេតុ៖ ក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់​ទាត់ម្នាក់ បានជាប់គាំង​ក្នុងល្អាងភ្នំ ថាំងហ្លួង ណាងណុន (Tham Luang Nang Non) ជារូងភ្នំស្ថិត​តាមបណ្តោយ​ នៃបន្ទាត់ព្រំដែនថៃមីយ៉ាន់ម៉ា ភាគជើងនៃ​ខេត្តឈៀងរ៉ៃ (Chiang Rai) របស់​ប្រទេសថៃ។ រូងភ្នំមាន​ប្រវែង ១០គីឡូម៉ែត្រ​ ជារូងភ្នំប្រវែងវែង​ជាងគេលំដាប់ទី​ ៤ របស់ប្រទេសថៃ និងមាន​ជម្រៅជ្រៅច្រើនចំនុច ពោរពេញដោយផ្លូវតូចៗ និងផ្លូវរូងក្រោមដី​ ដែលស្ថិតនៅពីក្រោម​ថ្មកំបោរកម្រាស់​រាប់រយម៉ែត្រ។ សូមជម្រាបថា ជនរងគ្រោះ​ស្ថិតនៅក្នុងរូងភ្នំ​ក្នុងចម្ងាយ ៤គីឡូម៉ែត្រ ពីមាត់រូង។

* មូលហេតុដែលនាំ​អោយពួកគេជាប់​ក្នុងរូងភ្នំ៖ នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៨ ពួកគេមានគម្រោង​ធ្វើដំណើរទៅកម្សាន្តក្នុងរូងភ្នំ ដើម្បីអបអរសាទរ​ខួបកំណើតរបស់ក្មេង​ប្រុសម្នាក់ឈ្មោះ Peerapat Sompiangjai។ ជាអកុសល្យ​បន្ទាប់ពីពួកគេបាន​ចូលទៅក្នុងរូងភ្នំ បែរជាត្រូវជាប់គាំង​នៅទីនោះ បន្ទាប់ពីមានភ្លៀង​ធ្លាក់ភ្លាមៗ និងជាបន្តបន្ទាប់​ឥត​ឈប់ឈរ។

ពួកគេត្រូវបង្ខំ​ចិត្តរុលចូលក្នុងកាន់​តែជ្រៅក្នុងរូងភ្នំ ដោយសារតែផ្លូវ​ដែលពួកគេត្រូវ​ចេញមក​វិញ ត្រូវបានជនលិច​ដោយភ្លៀង​ធ្លាក់ខ្លាំង ដោយ​សង្ឃឹមថា នឹងរកឃើញច្រក​ចេញ តែបែរជាត្រូវជាប់គាំង​រហូតដល់ ០៩ថ្ងៃ ទើបក្រុមសង្គ្រោះជាជនបរទេសអាច​រកឃើញជាលើកដំបូង។ អ្នកអភិរក្ស​នៃនាយកដ្ឋាន​ឧទ្យានជាតិ​អភិរក្សសត្វព្រៃ និងរុក្ខជាតិបាន​ជូនដំណឹងដល់​ក្រុមអាជ្ញាធរ បន្ទាប់ពីបាន​ឃើញទ្រព្យសម្បត្តិ​របស់ពួកគេនៅ​មាត់រូង។

* ជនរងគ្រោះ៖ ក្មេងជំទង់ ១២នាក់ ស្ថិតនៅក្នុង​វ័យចន្លោះពី ១១ឆ្នាំ ទៅ១៦ឆ្នាំ ដែលជាកីឡាករ​បាល់ទាត់មក​ពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹក​បាល់ទាត់របស់ពួក​គេ​អាយុ ២៥ឆ្នាំ ឈ្មោះ Ekapol Chantawong ។ បើតាមប្រវត្តិ​នៃរូបភាព ដែល​ទទួលបាន​អាចបង្ហាញថា ពួកគេធ្លាប់​ទៅកាន់ទីនោះ កាលពីចុង​ឆ្នាំ២០១៦ ផងដែរ។

* ជនរងគ្រោះ​ទាំងនោះ​មានឈ្មោះ៖

១៖ Chanin Vibulrungruang អាយុ ១១ឆ្នាំ
២៖ Panumas Sangdee អាយុ ១៣ឆ្នាំ
៣៖ Duganpet Promtep អាយុ ១៣ឆ្នាំ
៤៖ Somepong Jaiwong អាយុ ១៣ឆ្នាំ
៥៖ Mongkol Booneiam អាយុ ១៤ឆ្នាំ
៦៖ Nattawut Takamrong អាយុ ១៤ឆ្នាំ
៧៖ Ekarat Wongsukchan អាយុ ១៤ឆ្នាំ
៨៖ Adul Sam-on អាយុ ១៤ឆ្នាំ
៩៖ Prajak Sutham អាយុ ១៥ឆ្នាំ
១០៖ Pipat Pho អាយុ ១៥ឆ្នាំ
១១៖ Pornchai Kamluang អាយុ ១៦ឆ្នាំ
១២៖ Peerapat Sompiangjai អាយុ ១៦ (ឬ១៧ឆ្នាំ) ជាម្ចាស់ខួបកំណើត
១៣៖ Ekapol Chantawong អាយុ ២៥ឆ្នាំ ជាគ្រូបង្វឹក

ពួកគេរង​អការៈហេវហត់​អស់កម្លាំង ដោយសារតែ​បានជាប់ខ្លួនក្នុង​រូងភ្នំ គ្មានចំណីអាហារ និងរស់នៅក្នុង​បរិយាកាសមិនល្អ​ អស់រយៈកាល ០៩ថ្ងៃ ហើយទោះបី​ជាក្រុមសង្គ្រោះ​បានរកឃើញ​ពួកគេ​ក៏ដោយ ក៏ក្រុមសង្គ្រោះ​ត្រូវធ្វើការបំប៉ន​សុខភាពពួកគេ​សិន និងហ្វឹកហាត់​ពួកគេឲ្យចេះពី​វិធីមុជទឹក (ពាក់អាវអុកស៊ីសែន និងបរិក្ខាមុជ​ទឹកនានា) មុនពេលយក​ចេញពីរូងភ្នំ ថាំហ្លួង។

* ប្រតិបត្តិការសង្គ្រោះ៖ ពួកគេត្រូវបាន​ជួយសង្គ្រោះ​ដោយជោគជ័យ​នៅក្នុងប្រតិបត្តិការ​រួមគ្នា​ដ៏ធំមួយ​ រវាងរដ្ឋាភិបាល​ថៃ កងទ័ពថៃ កងនាវាចរថៃ និងក្រុមអ្នក​ជំនាញ​អន្ដរជាតិ។ ប្រធានបេសកកម្មជួយសង្គ្រោះគឺលោក Narongsak Osottanakorn ។ ទន្ទឹមនឹងនេះដែរ​អង្គភាពទ័ពជើង​ទឹកថៃ ត្រូវបានដឹកនាំដោយ​ឧត្តមនាវីទោ Arpakorn Yuukongkaew ។ ក្មេងប្រុស និងគ្រូបង្វឹកបាល់​ទាត់របស់ពួកគេ ត្រូវបានរកឃើញ​ដំបូងបង្អស់​ ដោយអ្នកមុជទឹកជនជាតិ​អង់គ្លេស គឺលោក Richard Stanton និង John Volanthen ។

ទោះជាយ៉ាងណា​ក៏ដោយ កិច្ចប្រឹងប្រែង​ដើម្បីឱ្យពួកគេ​ចេញក្រៅ គឺជាការងារ​ដ៏លំបាក និងជាប្រតិបត្តិការ​ថ្នាក់សកលលោក។ ក្នុងប្រតិបត្តិការ​សង្គ្រោះនេះ មានអ្នកមុជ​ទឹកសរុបចំនួន ៩០នាក់ ក្នុងនោះ ៥០នាក់ គឺជាជនបរទេស។ ជាអកុសល្យ​​អ្នកមុជទឹក​ជាអតីតទាហានជើងទឹកម្នាក់ ឈ្មោះ សាម៉ាន ហ្គននណាន បានស្លាប់​នៅក្នុងរូងភ្នំ​ ក្នុងអំឡុងពេល​បេសកកម្មជួយសង្គ្រោះ​ដ៏គ្រោះថ្នាក់ ដោយសារ​អស់អុកស៊ីសែន ខណៈកំពុងនៅលើ​កំណាត់ផ្លូវត្រឡប់​ទៅក្រៅវិញ បន្ទាប់ពីលោក​ព្យាយាមនាំ​យកធុងអុកស៊ីកសែន ទៅឲ្យជនរងគ្រោះ ដើម្បីធ្វើឱ្យការផ្គត់ផ្គង់​ខ្យល់អុកស៊ីសែន​ដល់ពួកគេ​នៅក្នុងគុហា ។

នៅព្រឹកថ្ងៃទី0៨ ខែកក្កដា មន្ត្រីថៃបានណែនាំ​ដល់ប្រព័ន្ធផ្សព្វផ្សាយ និងបុគ្គលិក មិនចាំបាច់​ទាំងអស់​ចាកចេញពីមាត់​ច្រករូងភ្នំ ដើម្បីសម្រួលដល់​ប្រតិបត្តិការ​ជួយសង្គ្រោះ។ ក្រុមអ្នកមុជទឹក​ជួយសង្គ្រោះ​ចំនួន ១៣នាក់ ត្រូវបានបញ្ជូន​ទៅក្នុងរូងភ្នំ ដើម្បី​ទាញយកក្មេងប្រុស ដោយ​អ្នកមុជទឹកពីរនាក់ នឹងអមដំណើរ​ក្មេងប្រុសម្នាក់​ចេញពីរូងភ្នំ ដោយម្នាក់​នៅពីមុខដើម្បី​ជួយកាន់ធុងអុកស៊ីសែន​របស់ក្មេងប្រុស និងម្នាក់​នៅពីក្រោយ។ ក្មេងប្រុសម្នាក់ៗ​ត្រូវបានបំពាក់​ដោយរបាំងមុខពេញលេញ​ ហើយត្រូវបានជួយដោយ​កាន់ខ្សែដែល​បានតំឡើង​ដោយអ្នកជួយ​សង្គ្រោះ។

ប្រតិបត្តិការជួយ​សង្គ្រោះមនុស្ស​ចេញមកក្រៅ​ មានរយៈពេលបីថ្ងៃ ដោយថ្ងៃអាទិត្យ ទី០៨ ខែកក្កដា សង្គ្រោះបានកុមារ ០៤នាក់, ថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨ សង្គ្រោះកុមារបាន ០៤នាក់ និងថ្ងៃអង្គារ ទី១០ ខែកក្កដា សង្គ្រោះ​បានកុមារ ០៤នាក់ និងគ្រូម្នាក់។ ក្មេងៗ និងគ្រូបង្វឹកបាល់ទាត់សរុប ១៣នាក់ ត្រូវបាន​ក្រុមសង្រ្គោះ​យកចេញ​ពីក្នុងរូងភ្នំ​ថាំហ្លួង នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ខាងក្រៅវិញ​ទាំងអស់​នៅម៉ោង ៦៖២២នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា។

* ផលវិបាកបណ្តាល​មកពីប្រតិបត្តិការជួយ​សង្គ្រោះ៖ អាជ្ញាធរថៃ​បានឱ្យដឹងថា ផ្ទៃដីស្រែ​ចំការ ១៤,០០០ រ៉ៃ (១រ៉ៃ = ១៦០ ម៉ែតក្រឡា) ជាកម្មសិទ្ធិ​របស់កសិករ ១០១នាក់ ស្ថិតនៅជុំវិញរូងភ្នំ ថាំហ្លួង ត្រូវបានទឹកជន់លិច​ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកដែល​ត្រូវបានបូមចេញ​ពីរូងភ្នំ ដើម្បីសង្គ្រោះ​កុមារទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់។ អគ្គនាយកដ្ឋាន​នៃក្រសួងកសិកម្មថៃ លោក ស៊ុមឆៃ ឆានណារុងគុល (Somchai Charnnarongkul) ក៏បានអះអាង​ដែរថា កសិករនៅក្នុងតំបន់​ប៉ះពាល់ទាំងបីនេះ អាចនឹង​ទទួលសំណង ១,១១៣ បាត (១ដុល្លារ = ៣៣បាត) ក្នុងមួយរ៉ៃ ជាមួយ​សំណងអតិបរមា ៣០ រ៉ៃ ក្នុងមួយគ្រួសារ។

អ្វីដែលកាន់តែ​សោកស្តាយ គឺអ្នកមុជទឹកអតីតទាហាន​ជើងទឹក​ម្នាក់ឈ្មោះ​ សាម៉ាន ហ្គននណាន បានស្លាប់នៅក្នុងរូងភ្នំ​ក្នុងអំឡុងពេលបេសកកម្ម​ជួយសង្គ្រោះ​ដ៏គ្រោះថ្នាក់ ដោយសារ​អស់អុកស៊ីសែន ខណៈនៅថ្ងៃសង្គ្រោះចុងក្រោយ ឪពុករបស់ជនជាតិអូស្ត្រាលីមួយរូប ដែលត្រូវបានជនជាតិថៃហៅថា វីរៈបុរសសង្គ្រោះ​មនុស្សទាំង ១៣នាក់ នោះក៏បានទទួលមរណៈភាព ចំថ្ងៃដែលមនុស្សទាំងអស់​ត្រូវបានរំដោះចេញ​ពីរូងភ្នំ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨៕

បកប្រែ និងសម្រួលដោយ ៖ អ៊ឹត ចណ្ណា