​(តូក្យូ)៖ បើទោះជាកំពុងទទួលរងការរិះគន់ ​ដោយសារតែរូបថត​មួយសន្លឹក​ នៅក្នុងពិធី​ជប់លៀងមួយ ខណៈប្រជាជន​ជប៉ុនកំពុង​ប្រឈមមុខនឹងគ្រោះ​ទឹកជំនន់ក៏ដោយ ក៏នាយករដ្ឋមន្ត្រី​ជប៉ុនលោក ស៊ីនហ្សូ អាបេ បានបំពេញ​ដំណើរទស្សនកិច្ច​ទៅកាន់តំបន់ រងគ្រោះ​ហើយ ដើម្បីសួរសុខទុក្ខ​ប្រជាជន​រងគ្រោះ និងត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្ដែង។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ Channel News Asia ដក​ស្រង់ពី AFP នារសៀល​ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។

ស្ថិតនៅក្នុង​​ស្ថានការណ៍​ដ៏​អាក្រក់នេះ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ និងមន្ត្រីរដ្ឋាភិបាល​របស់លោក​ បានធ្វើដំណើរ​ទៅកាន់ខេត្ត អូកាយ៉ាម៉ា (Okayama) ​ដែលជាតំបន់រង​គ្រោះខ្លាំង​បំផុតមួយ នៅក្នុងចំណោមបណ្តា​ខេត្តភាគខាងលិច​ប្រទេសជប៉ុន កាលពីថ្ងៃពុធ​ម្សិលមិញនេះ​ ហើយលោក​នឹងបន្ត​​ដំណើរនេះ រហូតដល់​ថ្ងៃសុក្រស្អែក ដើម្បីត្រួតពិនិត្យ​ភាពជាក់ស្តែង និងបង្កើន​សកម្មភាពជួយ​សង្គ្រោះប្រជាជន​ ដែលងាយ​រងគ្រោះ​បំផុត។

គួរបញ្ជាក់ថា រហូតមកទល់​នឹងព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្ស​ស្លាប់ដោយសារតែគ្រោះ​ទឹកកកជំនន់ និងបំណាក់ដីដ៏អាក្រក់​បំផុតប្រចាំឆ្នាំ២០១៨នេះ បានបណ្តាល​ឲ្យជនជាតិ​ជប៉ុនស្លាប់​កើនដល់ ១៩៩នាក់ហើយ ខណៈរាប់សិបនាក់​ទៀតបន្តបាត់ខ្លួន ដែលអាច​កំពុងជាប់ក្រោមគំនរ​ល្បាប់ភក់ និងលំនៅឋាន​ដែល​បាក់រលំ។

បន្ថែមពីនេះទៀត​​ក្តីសង្ឃឹមថា មនុស្សកំពុងបាត់​ខ្លួនអាចនៅ​រស់នោះ គឺបានហាក់​​ដូចជា​កាន់តែស្តួចស្តើង​ហើយបន្ទាប់ពីរយៈ ពេលមួយ​សប្តាហ៍នៃគ្រោះ​ទឹកជំនន់។ រហូតមក​ទល់នឹងល្ងាច​ថ្ងៃពុធ អាជ្ញាធរជប៉ុន​បានអះអាងថា ទឹកចាប់ផ្តើម​ស្រកជា​បណ្តើរៗ​ ខណៈប្រជាជន​ជាង ១០,០០០នាក់ កំពុងរស់នៅក្នុង​ជម្រកបណ្តោះអាសន្ននៅឡើយ ក្រោយពី​ក្រុមសង្គ្រោះបាន​យកពួកគេចេញ​ពីលំនៅឋាន ដែលត្រូវ​បានទឹកជន់លិច​យ៉ាងគំហុក។

ខាងក្រោមនេះគឺជាកម្រងរូបភាពទស្សនកិច្ចរបស់លោក អាបេ ទៅកាន់តំបន់រងគ្រោះ៖