(ហាណូយ)៖ ក្នុងចំណោម​មុខវិជ្ជាទាំង ០៦មុខ នៃការប្រឡង​បញ្ចប់ការសិក្សា​ថ្នាក់វិទ្យាល័យ នៅឯប្រទេស​វៀតណាម ដែល​បាន​ប្រព្រឹត្ត​ទៅ​​កាលពីចុង​ខែមិថុនា សិស្សានុសិស្ស​​ភាគច្រើន ទទួលបាន​ពិន្ទុទាបបំផុត​នៅក្នុងមុខវិជ្ជា​ប្រវត្តិសាស្រ្ត និងភាសាអង់គ្លេស។ នេះ​បើ​តាម​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញ​ពី​ទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។

​បើតាមស្ថិតិពីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ជុំវិញការប្រឡងមុខវិជ្ជាប្រវត្តិ សិស្សវៀតណាមរហូត​ដល់ ៨៣.២៤ភាគរយ ទទួល​បាន​ពិន្ទុ​ទាប​ជាង​​មធ្យមភាគ ខណៈពិន្ទុដែលពេញ​និយមជាងគេ គឺ ៣.២៥ លើពិន្ទុពេញ ១០ ដោយសិស្ស​ចំនួន ៥២៧នាក់ ​បាន​ពិន្ទុ​​​សូន្យ​តែម្តង ហើយមានតែ ១១នាក់ប៉ុណ្ណោះ ដែលទទួល​បាន ១០ពិន្ទុពេញ។ សម្រាប់​ភាសាអង់គ្លេសវិញ គឺ​មាន​​សិស្ស​ ៧៨.២២​ភាគ​រយ​បាន​ធ្លាក់ ដោយពិន្ទុភាគ​ច្រើនគឺបានតែ ៣ប៉ុណ្ណោះ ខណៈសិស្ស ៧៣២នាក់​​​បានពិន្ទុសូន្យ និង ៧៦នាក់ ទទួលបាន ១០ពិន្ទុពេញ។

គួរជម្រាបថា​ ការប្រឡង​រយៈពេល ០៣ថ្ងៃ ដែលមានការ​ចូលរួមពីសិស្សានុសិស្ស​ចំនួនជាង ៩០០,០០០នាក់ កាលពីចុង​ខែមិថុនា គឺ​មាន​សារៈសំខាន់​​ជាងខ្លាំង ដោយសារតែ​លទ្ធផល​ប្រឡង ត្រូវយកទៅប្រើប្រាស់​សម្រាប់ការបញ្ចប់ការ​សិក្សាថ្នាក់​វិទ្យាល័យ និង​សម្រាប់​​ការ​​ប្រឡង​ចូល​សិក្សា​​បន្ត​នៅ​សាកលវិទ្យាល័យ។ សម្រាប់អត្រា​សិស្ស ដែលបានប្រឡង​ជាប់នៅទូទាំងប្រទេសគឺ ៩៧.៥៧ភាគរយ។

នៅក្នុងការ​ប្រឡងនេះ សិស្សវៀតណាម​បានធ្វើការប្រឡង​ចំនួន ០៤ ដោយមាន ០៦មុខវិជ្ជា រួមមាន​អក្សរសាស្រ្ត គណិតវិទ្យា ភាសា​បរទេស បូកជាមួយ​បីមុខទៀត ដែលអាចស្ថិតក្នុង​ផ្នែកវិទ្យាសាស្រ្ត​សង្គម ឬក៏វិទ្យាសាស្រ្ត​ពិត៕