(កូឡាំឡាំពួ)៖ ខ្លាកំណាចប្រចាំទ្វីបអាស៊ី Manny Pacquiao នឹងឡើងវ៉ៃដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA ពីកីឡាករអាហ្សង់ទីន Lucas Matthysse នៅព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដោយទទួលបានតម្លៃខ្លួនប្រមាណ ២លានដុល្លារសហរដ្ឋអាមេរិក។

តាមរយៈសារព័ត៌មានកីឡា ESPN របស់អាមេរិកបានចេញផ្សាយថា ការប្រកួតនេះនឹងត្រូវបានឡើងនៅសង្វៀន Axiata Arena ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់បានចំនួន ១៤៥០០នាក់ ស្ថិតក្នុងទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ចាប់ពីម៉ោង ១១៖៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) ស្មើនឹងម៉ោង ១០៖៣០នាទីព្រឹក ម៉ោងនៅកម្ពុជា ដោយកីឡាករប្រដាល់សកលជនជាតិហ្វីលីពីន Manny Pacquiao នឹងទទួលបាន ២លានដុល្លារ ស្របពេលម្ចាស់ខ្សែ ក្រវាត់ Lucas Matthysse ទទួលបាន ៥០០,០០០ដុល្លារ។

តម្លៃខ្លួននេះ គឺនៅតិចជាងកាលពី Pac Man បានរបូតខ្សែក្រវាត់ WBO ក្រោយចាញ់កីឡាករម្ចាស់ផ្ទះ Jeff Horn ដោយពិន្ទុក្នុងការប្រកួត ១២ទឺកពេញ ដោយទទួលបានទឹកប្រាក់ ១០លានដុល្លារ តែមានកើនឡើងសម្រាប់ម្ចាស់ខ្សែក្រវាត់ Matthysse ដែលទទួលបានត្រឹមតែ ២១០,០០០ដុល្លារ ជាមួយនឹងការឈ្នះខ្សែក្រវាត់ WBA ផងដែរនោះ។

ប្រភពព័ត៌មានខាងលើដដែលបានបញ្ជាក់ផងដែរថា នេះជាការជួបគ្នាលើកទី១ រវាងជើងខ្លាំងទាំងពីរដែលនឹងធ្វើឡើង នៅទឹកដីកណ្តាល និងជាការឡើងសង្វៀនលើកទី១ សម្រាប់សមាជិកសភាហ្វីលីពីន Manny Pacquiao វ័យ៣៩ឆ្នាំ នៅឆ្នាំ២០១៨ នេះ បន្ទាប់ពីឆ្លងកាត់ការប្រកួតបាន ៦៨ដង ឈ្នះ៥៩ដង ចាញ់៧ដង និងស្មើ២ដង ដោយធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន ៣៨ដង ខណៈគូប្រជែង Matthysse វ័យ៣៥ឆ្នាំ ធ្លាប់ប្រកួតបាន៤៣ដង ឈ្នះ៣៩ដង និងចាញ់ ៤ដង មិនដែលស្មើ ដោយធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ៣៦ដង៕