(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ទៅ​លើកិច្ចព្រមព្រៀង​វិស័យថាមពល រវាង​ទីក្រុងប៊ែរឡាំង និង​​ទីក្រុងម៉ូស្គូ ហើយបាន​លើកឡើងថា រុស្ស៊ី​កំពុងគ្រប់គ្រង​អាល្លឺម៉ង់ តាមរយៈ​ធនធាន​ថាមពល​របស់ខ្លួន។ នេះបើតាមការដក​ស្រង់​ការ​ផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

លោកប្រធានាធិបតី​អាមេរិក បានធ្វើការរិះគន់ធ្ងន់ៗ​ទៅលើអាល្លឺម៉ង់ ដោយថា​ ប្រទេសអឺរ៉ុបនេះ​ជាចំណាប់ខ្មាំង​របស់រុស្ស៊ី ហើយ​​លោក​​បានបន្ថែមទៀតថា រដ្ឋាភិបាលទីក្រុង​ប៊ែរឡាំង កំពុងតែធ្វើឲ្យរុស្ស៊ី​កាន់តែមានទ្រព្យ​ហូរហៀរខ្លាំង​ឡើងៗ។ និយាយ​រួមទៅ លោក ដូណាល់ ត្រាំ បានថ្លែងរិះគន់​ដោយមិនសំចៃមាត់ ទៅលើ​រាល់បណ្តាប្រទេស​ជាសមាជិករបស់​អង្គការ NATO ដែលបាន​​ព្រម​ព្រៀង​ទៅគម្រោងសាងសង់​ នៃបណ្តាញ​ផ្គត់ផ្គង់​ឧស្ម័ន Nord Stream-2។

គួរជម្រាបថា បើតាម​របាយការណ៍​នៅឆ្នាំ២០១៧ ឥន្ធនៈរបស់​​រុស្ស៊ីទទួលបន្ទុកដល់​ទៅជាង ៦០ភាគរយ នៃឧស្ម័នធម្មជាតិ ដែលបាន​នាំ​ចូលទៅកាន់​អាល្លឺម៉ង់៕