(ប៉េកាំង)៖ ក្រសួងសេដ្ឋកិច្ចចិន​បានអះអាងថា ខ្លួនមានការ​តក់ស្លុតនៅពេល​ដែល​បានទទួល​ដំណឹងពីការគ្រោង​តម្លើងពន្ធលើទំនិញចិន ក្នុងតម្លៃ ២០០ពាន់លាន​ដុល្លារ​បន្ថែមទៀត ពីសំណាក់​សហរដ្ឋអាមេរិក ប៉ុន្តែចិនសូម​ព្រមានតប​វិញថា នឹងសងសឹក​ប្រសិនបើអាមេរិក​ហ៊ានអនុវត្តន៍ ដូចអ្វីដែលខ្លួន​បានអះអាង​មែននោះ។ នេះបើតាម​ការ​ចេញផ្សាយដោយ Sputnik នារសៀល​ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

ក្រសួងសេដ្ឋកិច្ចចិន​ បានបញ្ជាក់នៅ​ថ្ងៃពុធនេះ​យ៉ាងដូច្នេះថា «ប្រទេស​ចិនពិតជា​មានការតក់ស្លុត​ចំពោះសកម្មភាព​របស់អាមេរិក... ដូច្នេះដើម្បី​ការពារផល​ប្រយោជន៍​ធំ​របស់ប្រទេស​ជាតិ ដូចជាផលប្រយោជន៍​ស្នូលនៃប្រជាជន​របស់យើង រដ្ឋាភិបាល​ចិន​នឹងធ្វើដូច​ពីមុន គឺត្រៀមបញ្ចេញ​ប្រតិកម្មឆ្លើយតប​ទៅវិញ តាមដែល​អាចធ្វើទៅរួច...។» ចិនក៏បាន​សង្កត់ធ្ងន់ដែរថា ការគ្រោងដំឡើងពន្ធនាំចូលទំនិញ​ពីចិន ដោយ​សហរដ្ឋអាមេរិក​ក្នុងតម្លៃ ២០០ពាន់លានដុល្លារនោះ គឺជាទង្វើដែលមិនអាច​ទទួលយកបាន​ទាល់តែ​សោះ។

គួរបញ្ជាក់ថា ការប្រកាស​ពីគំរោងតម្លើង​ពន្ធនេះ កើតមានឡើងតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមហាយក្ស​សេដ្ឋកិច្ចទាំងពីរ​តម្លើងពន្ធ ៣៤ពាន់លានដុល្លារ​ ដាក់គ្នា​ទៅវិញទៅមក និងក្រោយ​ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា នឹងតម្លើងពន្ធ​បន្ថែម​ប្រឆាំង​នឹងចិន បើសិនជា​ទីក្រុងប៉េកាំង​ចាត់វិធាន​ការសងសឹក។

បើតាម​សេតវិមាន​ការតម្លើងពន្ធ ២០០ពាន់លានដុល្លារនេះ គឺជាការឆ្លើយតប​ទៅនឹងការធ្វើ​ការពាណិជ្ជកម្ម​មិនស្មើ​ភាពរបស់ចិន ហើយវានឹង​ត្រូវអនុវត្តន៍​លើផលិតនាំចូលពីចិន​ច្រើនជាង ៦,០០០មុខ ក្នុងនោះរួមមាន​ផលិតផល ចំណី​អាហារ រ៉ែ និងរបស់របរ​ប្រើប្រាស់ដូចជាកាបូប​យួរដៃ​ជាច្រើន។ ចំណែកឯ បណ្ដាក្រុមហ៊ុន​នៅក្នុងសហរដ្ឋអាមេរិក​ នឹងមានពេល​រហូតដល់​ខែសីហា ដើម្បីតវ៉ាមុននឹង​ការតម្លើងពន្ធនេះ​ចូលជា​ធរមាន៕