(ប៉េកាំង)៖ តុលាការចិន​បានចេញសាល​ក្រម ដោយ​ផ្តន្ទាទោសប្រហារជីវិត​បុរសម្នាក់ ជាប់ចោទពីបទ​ចាក់សម្លាប់សិស្ស​សាលា ០៩នាក់ ដែលជា​ទង្វើសង​សឹក​ដើម្បីបញ្ចេញកំហឹង​ទៅលើអតីតសាលា ដែលរូបគេ​ធ្លាប់បានរៀន និងត្រូវគេធ្វើ​បាបកាលពី​នៅក្មេង។ នេះ​បើតាម​ការចេញ​ផ្សាយ​ដោយ​ សារព័ត៌មាន South China Morning Post ​នៅរសៀលថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

​យោងតាម​តុលាការនៃខេត្ត សានស៊ី (Shaanxi) នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ជនជាប់ចោទ​ខាងលើមាន​ឈ្មោះ ចាវ ហ្សេវៃ (Zhao Zewei) ហើយរូបគេបាន ទិញកូនកាំបិត​៥ដើមនៅ​តាមអ៊ីធើណែត ដើម្បីអនុវត្តន៍​ការវាយប្រហារ​លើសាលារៀន​មួយ ក្នុងខេត្ត Shaanxi ជាការសងសឹក បញ្ចេញកំហឹង និងភាពឈឺចាប់ ដែលរូបគេធា្លប់​បានត្រូវគេធ្វើបាប និងប្រមាថ​កាលពីខ្លូននៅជាក្មេង​រៀននៅក្នុងសាលានេះ។

គួរបញ្ជាក់ថា Zhao Zewei​ ដែលត្រូវបានគេចោទ​ប្រកាន់ពីបទមនុស្សឃាត​ដោយចេតនា កាលពីខែឧសភា ក៏ធ្លាប់បានដាក់ពាក្យ​ប្ដឹងជំទាស់នឹងការសម្រេច​ចិត្តនេះដែរ។​ ចំណែកឯ តុលាការមិន​បានបញ្ជាក់ពី​អាយុរបស់ Zhao នោះទេ ប៉ុន្តែប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋ អាះអាងថា​ រូបគេមានអាយុ ២៨ឆ្នាំ៕