(ឡុងដ៍)៖ ខណៈមន្រ្តីជំនិតៗ​របស់ខ្លួន ​បានដាក់ពាក្យលាឈប់​ជាបន្តបន្ទាប់ ដោយសារ​បញ្ហាវិវាទនៃការចរចា​គម្រោង Brexit នោះក៏ដោយ ក៏នាយក​រដ្ឋមន្រ្តីអង់គ្លេស​លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) នៅតែទទូចថា រូបលោកស្រី មានសមត្ថភាពអាច​សម្រេចគម្រោង​​ដក​ខ្លួន​​ចេញ​ពី​សហ​ភាព​​អឺរ៉ុប បានដោយមាន​របៀបរៀបរយ​​ដដែល។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅ​រសៀលថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

ចាប់តាំងតែពី​លោកស្រីបាន​បើក កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​កាលពីសប្តាហ៍មុន ដែលសម្រេច​បាននូវគម្រោង Brexit ដែលទន់ជ្រាយ​មួយ​នោះ មន្រ្តីជំនិតរបស់​លោកស្រីចំនួន ០៥នាក់ហើយ បានដាក់ពាក្យ​លាលែងពី​តំណែង ដោយក្នុងនោះ​រួមមាន​សមាជិក​សភាពីររូប ដែល​បានចុះចេញពី​តំណែង ក្នុងនាមជាអនុប្រធាន​ នៃបក្សកាន់អំណាច​ «អភិរក្សនិយម» ​របស់លោកស្រី May បន្ទាប់ពីការ​ប្រកាសលាលែង​​របស់រដ្ឋមន្រ្តី​ការបរទេស លោក បូរីស ចនសុន (Boris Johnson), រដ្ឋមន្រ្តីទទួលបន្ទុកដំណើរការ Brexit ផ្ទាល់លោក ដេវីដេ ដាវីស (David Davis), និងអនុរដ្ឋមន្រ្តី​ Brexit លោក ស្ទេវ បាកឺ (Steve Baker)។

គួរជម្រាបថា ជាមួយគ្នានេះ​មានសេចក្តី​រាយការណ៍ថា សមាជិកសភា​ម្នាក់របស់បក្សអភិរក្ស​និយម បានផ្ញើលិខិត​ដែលស្នើឲ្យ​មានការ​បោះឆ្នោតស្តីពី​ទំនុកចិត្តលើ​លោកស្រី May ក្នុងនាមជាប្រធាន​គណបក្ស ហើយប្រសិន​បើសមាជិកសភា​​អភិរក្សនិយមចំនួន ៤៧នាក់​ទៀត ធ្វើការដាក់​ជូននូវលិខិត​ដូចគ្នានោះ ការបោះឆ្នោតនឹង​ត្រូវប្រព្រឹត្តទៅ​តែម្តង។

ក្រុមអ្នកជំនាញ​ផ្នែកនយោបាយ​បានឲ្យដឹងថា ទោះជាបែប​នេះក្តី លោកស្រី May នឹងអាចផ្តួល​គូប្រកួតបាន​ទាំងអស់ ប៉ុន្តែប្រឈមមុខ​​​ជាមួយការបោះឆ្នោត​បែបនេះ នឹងធ្វើឲ្យអាប់ឱនភាពជឿជាក់​ទៅលើរូបលោកស្រី ទោះបីជាវាមិន​អាចធ្វើឲ្យលោកស្រី​ ធ្លាក់ចេញពី​​តំណែងក៏ដោយ។ ជាមួយគ្នានេះ អ្នកវិភាគ​ក៏បានធ្វើការទស្សន៍​ទាយផងដែរថា មន្រ្តីបក្សអភិរក្ស​និយមឯទៀតៗ នឹងដើរចេញពី​តួនាទី​របស់ខ្លួនថែម​ទៀត នៅប៉ុន្មាន​ថ្ងៃខាងមុខ៕