(គួឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ (Mahathir) បានឈានចូលវ័យ ៩៣ឆ្នាំហើយ កាលពី​ថ្ងៃអង្គារម្សិលមិញ និងជាមេដឹកនាំ​​ចាស់ជាង​គេបំផុត​នៅ​លើពិភពលោក ហើយកាលពីលោកទើបឡើងកាន់តំណែងថ្មីៗ លោកបានពោលពាក្យមួយឃ្លា ធ្វើឲ្យប្រជាជន​ម៉ាឡេស៊ីដែល​គាំទ្ររូបលោក ស្រក់ទឹក​ភ្នែកនោះ «លោកនឹង​ព្យាយាមនៅ​ឲ្យបានយូរ ប៉ុន្តែមើល​ទៅប្រហែល​ជាមិនអាច​នោះ​ឡើយ»។ នេះបើតាមការ​ចេញផ្សាយ​​ដោយ ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

«រីករាយថ្ងៃកំណើត​ឈានចូលវ័យ ៩៣ឆ្នាំ លោកឪពុក​ជាទីស្រឡាញ់»។ នេះគឺជាសារ​ជូនពរ​ពីកូនស្រីរបស់​លោក គឺលោកស្រី ម៉ារីណា មហាធៀ (Marina Mahathir) នៅលើបណ្ដាញ​ទំនាក់សង្គម Facebook។ លោក មហាធៀ បានជាប់ឆ្នោត​ជានាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅក្នុងការបោះឆ្នោត​សកលកាល​ពីថ្ងៃទី០៩ ខែឧសភា​កន្លងទៅ ជាមួយការសន្យាចំនួន ១០ចំណុចសំខាន់ៗ ក្នុងនោះមានដូចជា បង្កើនប្រាក់​ចំណូលរបស់​ប្រជាជនម៉ាឡេស៊ី បង្កើតក្រុមស៊ើប​អង្កេតលើសំណុំ​រឿងអាស្រូវពុក​រលួយ នៃមូល​និធិរដ្ឋ1MDB ពាក់ព័ន្ធនឹង អតីតនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ និងដោះស្រាយ​ប្រាក់បំណុល​របស់រដ្ឋ​ជាដើម។

ប៉ុន្តែបច្ចុប្បន្ន​លោក មហាធៀ មានវ័យ ៩៣ឆ្នាំទៅហើយ ខណៈមួយរយៈ​ពេលចុងក្រោយនេះ​ ក៏មានពាក្យចរចាម​អារ៉ាមខ្លះនិយាយ ពីបញ្ហា​សុខភាព និងរយៈពេលនៃការកាន់​អំណាចរបស់លោក​ផងដែរ។ មួយវិញទៀត​ បើគេចាំមិន​ភ្លេចទេ នៅក្នុងបទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Wall Street Journal នៅមុនពេល​បោះឆ្នោត នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះធ្លាប់អះអាងថា «លោកនឹងកាន់​ដំណែង​ជានាយករដ្ឋមន្ត្រី​យ៉ាងយូររយៈពេលមួយឆ្នាំ ទៅពីរឆ្នាំប៉ុណ្ណោះ»

គួរបញ្ជាក់ថា លោក មហាធៀ កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥ និងធ្លាប់កាន់​តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ២២ឆ្នាំ ពីឆ្នាំ១៩៨១ រហូតដល់ ឆ្នាំ២០០៣ ទើបលោក​លាលែងពីដំណែង។​ ចំណែកឯអ្នកបន្ត​វេនពីលោកត្រូវបាន​គេរំពឹងថា អាចនឹង ជាអតីតមេដឹកនាំ​បក្សប្រឆាំង ដែល​ទើបត្រូវបានដោះលែងពីពន្ធនាគារ គឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម​៕ ​