(តូក្យូ)៖ នាយករដ្ឋ​មន្ត្រីជប៉ុន​លោក ស៊ីនហ្សូ អាបេ នឹងបំពេញដំណើរទស្សនកិច្ច ​ទៅកាន់តំបន់រងគ្រោះ​ដោយសារ​ទឹកជំនន់ និងគ្រោះរអិល​បាក់ដី​នៅថ្ងៃពុធនេះ ស្របពេលចំនួន​អ្នកសា្លប់បានកើន​ដល់ ១៧៩នាក់ ហើយការ​ព្រមានពីគ្រោះទឹកជំនន់​ជាថ្មី

ក៏ត្រូវបាន​ប្រកាស​ផងដែរ ប៉ុន្តែរូបភាពមួយបែរជាបែកធ្លាយចេញមក បង្ហាញឲ្យឃើញ​ពីសកម្មភាព​របស់លោក អាបេ និងសមាជិកបក្ស​កាន់អំណាចរបស់លោក រៀបចំ​ពិធីជប់​លៀងរួមគ្នា​យ៉ាងសប្បាយរីករាយទៅវិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

លោក អាបេ ដែលបានលុបចោល​ដំណើរទស្សនកិច្ច​ទៅកាន់បរទេស​ ដើម្បីត្រួតពិនិត្យ​ស្ថានភាពទឹកជំនន់ នឹងធ្វើដំណើរ​ទៅកាន់​ខេត្ត អូកាយ៉ាម៉ា Okayama នៅថ្ងៃពុធនេះ។ ប៉ុន្តែព្រមពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ជប៉ុនរូបនេះ​បានទទួលរងការរិះគន់​យ៉ាងខ្លាំងពីមហាជន ​ក្រោយរូបភាព​មួយសន្លឹក​បង្ហោះលើ Twitter បង្ហាញថា លោក និងរដ្ឋមន្ត្រីការពារជាតិ​របស់លោក​ ស្ថិតនៅក្នុងពិធីជប់លៀង​មួយជាមួយក្រុម​អ្នកតំណាង​រាស្ត្រ ខណៈភ្លៀង​ធ្លាក់កំពុងបន្តកាន់​តែខ្លាំង នៅតំបន់កំពុងរងគ្រោះស្រាប់។

ចំពោះការរិះគន់ និងរូបភាពពិធីជប់លៀង ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន​ជប៉ុន ក្យូដូ (Kyodo) ខាងលើនេះ គឺពុំមានទទួលបានប្រតិកម្មណាមួយនៅឡើយទេ ពីនាយក​រដ្ឋមន្ត្រីជប៉ុន ប៉ុន្តែបើសិន​ជារូបភាពនោះ ពិតជាកើត​ឡើងនៅអំឡុងពេល​ដែលប្រទេស​កំពុងរងគ្រោះដោយទឹកជំននន់មែន​នោះ លោក អាបេ នឹងប្រឈមមុខ​បញ្ហាធំជាក់​ជាមិនខាន។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរជប៉ុន ចំនួនមនុស្ស​​ស្លាប់​ដោយសារ​បំណាក់ដី និងគ្រោះ​ទឹកជំនន់ ដែលបង្កឡើង​ដោយភ្លៀងធ្លាក់​​ដ៏ អាក្រក់បំផុតគិតចាប់តាំងពីឆ្នាំ១៩៨២មក នៅឯតំបន់​ភាគខាងលិច​ប្រទេសជប៉ុន​បានកើនដល់១៧៩នាក់ហើយ រីឯមនុស្ស​បាត់​ខ្លួន ៥៦​នាក់ ទៀតត្រូវបាន​គេជឿជាក់​ថាជាប់ក្រោម​ល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក។

​តំបន់រងគ្រោះធ្ងន់ធ្ងរ មានដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា,ជីហ្វូ, កូជី, និងសាហ្គា។ ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដោយ​មានមនុស្ស ៦០នាក់បានស្លាប់។ ចំណែកឯ ថវិកាជំនួយ បន្ទាន់១៨លានដុល្លារអាមេរិក ក៏ត្រូវបានរៀបចំរួចរាល់ផងដែរ​ ដើម្បី​សង្គ្រោះស្ថានការណ៍ក្រោយទឹកជំនន់ខណៈការខូចខាត គ្រាន់តែ​ទៅលើ​ប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ គឺស្ថិតនៅក្នុងទំហំ​ទឹកប្រាក់ ៦៣លានដុល្លារអាមេរិកទៅហើយ៕