(សៀងហៃ)៖ ក្រុមហ៊ុន​ផលិតយន្តដ៏ធំនៅអាមេរិក «Tesla» នឹងបើករោងចក្រ​ទីមួយរបស់ខ្លួន​នៅឯក្រៅប្រទេស នៅក្នុងទីក្រុង​សៀងហៃ របស់​ប្រទេសចិនជាលើកដំបូង នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្ម ដែលបានផ្ទុះឡើង​ជាផ្លូវការរវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ប៉េកាំង។ នេះបើតាម​ការ​ដក​ស្រង់ការផ្សាយ​ចេញពី​ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

រោងចក្រ​ខាងលើ ដែលត្រូវបានគ្រោងនឹងសាងសង់ឡើង ជាមួយ​សមត្ថភាពដំឡើង​រថយន្ត​​ដើរដោយថាមពលអគ្គិសនី​​ចំនួន ០៥សែន​គ្រឿង​ ក្នុងមួយ​ឆ្នាំនោះ​នឹងត្រូវបោះទីតាំង​នៅតំបន់ លីនហ្គេង (Lingang) រួមជាមួយ​មជ្ឈមណ្ឌលស្រាវជ្រាវ​ និងអភិវឌ្ឍន៍​​រថយន្តអគ្គិសនីមួយ​កន្លែង​ទៀត​​​ផង​ដែរ បើតាមកិច្ច​ព្រមព្រៀង​ ដែលត្រូវបាន​ចុះហត្ថលេខា​ដោយ​ក្រុមហ៊ុន Tesla និងរដ្ឋបាល​ក្រុង​សៀងហៃ។

រដ្ឋបាលក្រុងសៀងហៃបានឲ្យដឹងថា គម្រោងខាងលើនឹងក្លាយជា​គម្រោងដ៏ធំបំផុត ដែលមានការវិនិយោគ​ពីក្រៅប្រទេស នៅក្នុងប្រវត្តិ​សាស្រ្ត​របស់ទីក្រុង ហើយខ្លួន​នឹង​ផ្តល់​ការគាំទ្រយ៉ាងពេញ​ទំហឹង ដល់ដំណើរការ​សាងសង់នៃ​រោងចក្រនេះ ព្រមទាំងជួយ​លើកកម្ពស់​​បរិយាកាស​ផ្នែកអាជីវកម្ម សម្រាប់សហគ្រាស​នានារបស់​បរទេស​ថែម​ទៀត។

ម៉្យាងវិញទៀត បើតាមសេចក្តីប្រកាស​នាពេលកន្លងមក Tesla នឹងនាំយក​រថយន្តម៉ូដែល S, X, និង Three ទៅកាន់ពិព័រណ៍​​ផលិតផល​នាំចូល​អន្តរជាតិរបស់​ប្រទេសចិន ដែលនឹងប្រព្រឹត្ត​ទៅនៅទីក្រុង​សៀងហៃ នាថ្ងៃវិច្ឆិកា​ខាងមុខ។

គួរជម្រាបថា គម្រោងខាង​លើនេះ​បានលេចឡើង ចំពេលដែល​សហរដ្ឋអាមេរិក និងមហាយក្ស​ចិន កំពុងផ្ទុះសង្រ្គាម​ជាមួយគ្នា​ក្នុង​វិស័យ​ពាណិជ្ជកម្ម តាម​រយៈ​ការដំឡើងពន្ធ​លើផលិតផល​របស់ភាគីម្ខាងៗ ក្នុងទំហំដល់​ទៅរាប់រយពាន់​លានដុល្លារ៕