(ចិន)៖ ក្រុមហ៊ុនលក់ទំនិញរាយតាមអនឡាញលំដាប់ពិភពលោក Amazon កំពុងពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងទីផ្សារប្រទេសចិន តាមរយៈការផ្តល់សេវាប្រាក់កម្ចីដល់អ្នកលក់ទំនិញអនឡាញក្នុងប្រទេសនេះ។

កម្មវិធីនេះ មានឈ្មោះថា កម្ចីអាម៉ាហ្សូន ឬ Amazon Lending ដែលផ្តល់ប្រាក់កម្ចីដល់អ្នកលក់ទំនិញ នៅលើវេបសាយរបស់ក្រុមហ៊ុនអាម៉ាហ្សូន។

អ្នកលក់ទំនិញធុនតូចជាច្រើន ពិបាកខ្ចីប្រាក់ពីស្ថាប័នផ្តល់ប្រាក់កម្ចីធម្មតាៗណាស់ ដោយសារតែពួកគេមិនមានអ្នកធានា ឬ ទ្រព្យតម្កល់។ ដូច្នេះក្រុមហ៊ុនលក់ទំនិញអនឡាញជាច្រើន បានចាប់ផ្តើមផ្តល់សេវាប្រាក់កម្ចីដល់ពួកគេ ដើម្បីទាក់ទាញអ្នកលក់ទំនិញទាំងនោះ ឱ្យមកលក់ទំនិញលើវេបសាយរបស់ខ្លួន។

លោក ខាល់វីន ចឹង គឺជាដៃគូសាវនកម្មនៅក្រុមហ៊ុន ដឺឡយ (Deloitte) ប្រចាំប្រទេសចិន។ លោកនិយាយថា ការផ្តល់ប្រាក់កម្ចីឱ្យទៅអ្នកលក់ទំនិញធុនតូចនេះ គឺនឹងនាំយកប្រាក់ចំណូលបន្ថែម មកឱ្យក្រុមហ៊ុនដែលផ្តល់ប្រាក់កម្ចីនេះទៅវិញទេ។

លោក ខាល់វីន ចឹង ថ្លែងថា «ក្រុមហ៊ុនលក់ទំនិញតាមអនឡាញ ប្រើទិន្នន័យធំ និងទិន្នន័យអាជីវកម្មដែលមាន នៅលើវេបសាយរបស់គេ។ ពួកគេដឹងយ៉ាងច្បាស់ ថាប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសខ្នាតតូច និងមធ្យម មានវិវឌ្ឍទៅជាយ៉ាងណា នៅពេលខាងមុខ។ ខ្ញុំធ្លាប់ឮព័ត៌មានគេផ្សាយថា បើសិនជាក្រុមហ៊ុនទាំងនេះ អាចផ្តល់សេវាហិរញ្ញវត្ថុ ជូនដល់សហគ្រាសខ្នាតតូច និងមធ្យមទាំងនេះ ពួកគេប្រហែលជាបង្កើតប្រាក់ចំណេញ បានជាង៣០ភាគរយឯណោះ»

នៅឆ្នាំ២០១៥ ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់ចិន អាលីបាបា បានចាប់ផ្តើមផ្តល់ប្រាក់កម្ចី ដល់សហគ្រាសខ្នាតតូចនិងមធ្យម។ ហើយក្រោយមក អាលីបាបា ក៏បានបង្កើតធនាគារឯកជនមួយ ឈ្មោះថា MyBank ដើម្បីរ៉ាប់រងអាជីវកម្មថ្មីនេះ។

ក្រុមហ៊ុន អាម៉ាហ្សូន និយាយថា ខ្លួនបានផ្តល់ប្រាក់កម្ចីសរុបចំនួន៣សែនលានដុល្លារអាមេរិក សម្រាប់អាជីវករខ្នាតតូច នៅតាមបណ្តាប្រទេសមួយចំនួនដូចជា អាមេរិក ជប៉ុន និងអង់គ្លេស។ ក្នុងនោះ ជាង៥០ភាគរយនៃក្រុមហ៊ុន ដែលបានខ្ចី គឺបានខ្ចីជាលើកទីពីរ។

អ្នកនាង ឈួយ លីលី គឺជាអ្នកជំនាញផ្នែកពាណិជ្ជកម្មអេឡិចត្រូនិច នៅក្រុងសៀងហៃ។ អ្នកនាងយល់ថា បើទោះជាការផ្តល់សេវាប្រាក់កម្ចី របស់ក្រុមហ៊ុនអាម៉ាហ្សូន អាចទាក់ទាញអ្នកលក់ទំនិញកាន់តែច្រើន ឱ្យមកចូលរួមក្នុងវេបសាយរបស់ខ្លួនក៏ដោយ ក៏ចំនុចសំខាន់មែនទែននោះ គឺនៅត្រង់ថាតើអ្នកលក់ទាំងនោះ អាចទាក់ទាញអតិថិជនបន្ថែមបានកម្រិតណា។

អ្នកនាង ឈួយ លីលី អគ្គនាយក វិទ្យាសា្ថនពាណិជ្ជកម្មអេឡិចត្រូនិច នៃសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសៀងហៃ ថ្លែងថា «សម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច ពួកគេត្រូវតែមានអតិថិជនស្មោះស្ម័គ្រឱ្យបានច្រើន ដើម្បីអាចទាក់ទាញអតិថិជនបន្ថែមទៀត។ នៅពេលចំនួនអតិថិជនមានកាន់តែច្រើន ចំនួនអ្នកលក់ក៏នឹងមានកាន់តែច្រើនដែរ។ ដូច្នេះសេវាប្រាក់កម្ចីរបស់ក្រុមហ៊ុនអាម៉ាហ្សូន នឹងផ្តល់ប្រយោជន៍ដល់អ្នកលក់។ ប៉ុន្តែយើងត្រូវចងចាំថា ការផ្តល់ប្រាក់កម្ចីទាំងនេះ គឺអាស្រ័យទៅលើចំនួន នៃប្រតិបត្តិការនៃការលក់ទំនិញរបស់អ្នកលក់»

ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចរបស់ចិន គឺជាទីផ្សារដែលធំបំផុតក្នុងពិភពលោក។ ហើយការប្រកួតប្រជែងនៅទីនេះ គឺជារឿងពិបាកសម្រាប់ក្រុមហ៊ុន អាម៉ាហ្សូន។ កាលពីឆ្នាំមុន ការលក់ទំនិញរាយសរុបក្នុងប្រទេសចិន មានទំហំទឹកប្រាក់១.១លានដុល្លារអាមេរិកទៅហើយ។ ពោលគឺច្រើនជាងការលក់ទំនិញអនឡាញនៅអាមេរិក ស្ទើរតែទ្វេដងទៅហើយ។

បើយោងតាមការព្យាករណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ និងប្រឹក្សាយោបល់ iResearch Consultancy Group ថ្វីត្បិតថា ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចរបស់ចិនកំពុង រីកចម្រើនខ្លាំងមែន ប៉ុន្តែក្រុមហ៊ុនអាម៉ាហ្សូន កាន់កាប់ចំណែកទីផ្សារបាន មិនដល់២ភាគរយផង នៃចំណែកទីផ្សារសរុប បើទោះជាក្រុមហ៊ុននេះ បានមកប្រកបអាជីវកម្មនៅប្រទេសចិន អស់រយៈពេល១០ឆ្នាំរួចទៅហើយក៏ដោយ៕ (សារព័ត៌មាន CCTV របស់ចិន)