(តូក្យូ)៖ អាជ្ញាធជប៉ុន​បានអះអាង​នៅថ្ងៃពុធនេះថា ចំនួនមនុស្ស​​ស្លាប់ដោយសារ​បំណាក់ដី និងគ្រោះ​ទឹកជំនន់ ដែលបង្កឡើង​ដោយភ្លៀងធ្លាក់​​យ៉ាងគំហុក នៅតាមតំបន់​ភាគខាងលិច​ប្រទេសជប៉ុន​បានកើនដល់ ១៧៩នាក់ហើយ រីឯមនុស្ស​បាត់​ខ្លួន ៥៦​នាក់ ទៀតត្រូវបាន​គេជឿជាក់​ថា ជាប់ក្រោម​ល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក។ នេះបើតាម​​ការចេញផ្សាយ​ដោយ​ទូរទស្សន៍ជប៉ុន NHK​ នៅព្រឹក​ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ជប៉ុន​បានបញ្ជូនប៉ូលិស​ ក្រុមអ្នកពន្លត់អគ្គិភ័យ និងកងទ័ពរាប់ម៉ឺននាក់ រួមទាំងឧទ្ធម្ភាគចក្រជិតមួយពាន់គ្រឿងគ្រឿង ឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះ​នៅតាម​តំបន់រងគ្រោះធ្ងន់ខ្លាំង ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា។

ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដោយ​មានមនុស្ស ៦០នាក់បានស្លាប់។ ចំណែកឯ​ថវិកាជំនួយបន្ទាន់ ១៨លានដុល្លារអាមេរិក ក៏ត្រូវបានរៀបចំរួចរាល់ផងដែរ​ដើម្បី​សង្គ្រោះស្ថានការណ៍ក្រោយទឹកជំនន់ ខណៈការខូចខាតគ្រាន់តែ​ទៅលើ​ប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ គឺស្ថិតនៅក្នុងទំហំ​ទឹកប្រាក់ ៦៣លានដុល្លារអាមេរិកទៅហើយ។

គួរបញ្ជាក់ថា ការបំផិ្លចបំផ្លាញដោយគ្រោះធម្មជាតិ​ដ៏អាក្រក់នេះមានសភាពធ្ងន់ធ្ងរ ស្របពេលផ្ទះ ១១,២០០ខ្នង គ្មានអគ្គីសនី ប្រើប្រាស់ និង៣០០,០០០ខ្នង​ទៀតគ្មានទឹកស្អាតប្រើប្រាស់នៅក្នុងខេត្តចំនួន១២។ មួយវិញទៀត បើតាមអ្នកនាំពាក្យរដ្ឋាភិបាល ជប៉ុន លោកយ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ដោយសារតែគ្រោះធម្មជាតិនេះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលុបចោលដំណើរ​ទស្សនកិច្ចទៅ​កាន់ប្រទេសប៊ែលហ្សិក បារាំង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលដំបូងឡើយគ្រោងនឹងធ្វើ ឡើងនៅថ្ងៃពុធនេះ៕