(ថៃ)៖ ទីបំផុតក្មេងទី ៩ ត្រូវបានក្រុម​សង្រ្គោះយកចេញពីក្នុងរូងភ្នំថាំលួង នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ក្រៅ​ហើយនាល្ងាចថ្ងៃ​ទី​​០៣ នៃប្រតិបត្តិការ​ជួយសង្រ្គោះមនុស្សចេញ​ទីនោះ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​សារព័ត៌មាន The Guardian នៅ​ល្ងាច​​ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

គួរជម្រាបថា ក្នុងរយៈពេលពីរថ្ងៃកន្លង​ទៅនេះ ក្មេងប្រុសចំនួន០៨នាក់ ក្នុងចំណោមនុស្ស១៣នាក់ ដែលជាប់ខ្លួននៅក្នុងរូងភ្នំខាងលើ តាំងពីថ្ងៃទី​២៣ ខែមិថុនាមក​ម្ល៉េះនោះ ត្រូវបានជួយយកចេញ​មកក្រៅវិញ ហើយពួកគេ​កំពុង​សម្រាកតាមដាន​​នៅ​ឯ​មន្ទីរ​ពេទ្យ​ ក្នុងខេត្ត​ឈៀង​រ៉ាយ នៃ​នៅក្បែរតំបន់រូងភ្នំ ជាមួយនិងសុខភាពល្អ​ទាំងផ្លូវការ និងផ្លូវចិត្ត។

សម្រាប់ប្រតិបត្តិការ​នាថ្ងៃទី ៣ នេះ​ត្រូវគេរំពឹងថា នឹងជាថ្ងៃសង្រ្គោះ​ចុងក្រោយ ខណៈដែល​មនុស្ស​តែ​ ០៤​នាក់​ទៀត​​​ប៉ុណ្ណោះ ដែលកំពុងស្ថិត​នៅក្នុងរូងភ្នំ ដោយក្នុងនោះ​នៅសល់ក្មេង ០៣នាក់ទៀត ព្រមទាំងគ្រូបង្វឹក​ម្នាក់របស់​ពួកគេ៕