​(ហ្សឺណែវ)៖ រដ្ឋាភិបាលស្វីស​បានសម្រេចចិត្ត​ ដាក់ពាក្យប្ដឹង​សហរដ្ឋអាមេរិក​ហើយ នៅ​ថ្ងៃអង្គារនេះ ទៅកាន់អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO​) ជុំវិញការតម្លើងពន្ធ​លើដែកថែប និងអាលុយ​មីញ៉ូម ដែលនាំឲ្យបណ្តា​ប្រទេសអឺរ៉ុបជាច្រើន​ផ្ទុះកំហឹង។ នេះបើតាម​ក្រសួងសេដ្ឋកិច្ច​ស្វីស ដកស្រង់​ដោយ​ទីភ្នាក់​ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រសួង​សេដ្ឋកិច្ច​ស្វីស​បានឱ្យដឹងទៀតថា «ដោយសំអាងលើការយល់ឃើញ​របស់ស្វីស ការតម្លើងពន្ធ​បន្ថែម ដែលសហរដ្ឋអាមេរិក​អះអាងថា ធ្វើឡើងដើម្បី​ការពារសន្តិសុខ​ជាតិ​នោះ គឺជារឿងមិន​សមហេតុផល»

គួរបញ្ជាក់ថា បើតាម​ច្បាប់ WTO សហរដ្ឋអាមេរិក​មាន​រយៈពេល ៦០ថ្ងៃ ក្នុងការ​ផ្សះផ្សា​ជម្លោះ ហើយបន្ទាប់​ពីនោះស្វីសអាច​បង្កើន​ជម្លោះ តាមរយៈការ​ស្នើសុំឱ្យ WTO បង្កើតអង្គចៅក្រម​មួយដើម្បី​វិនិច្ឆ័យ៕