(ប៉េកាំង)៖ ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បានសន្យាថា ទីក្រុងប៉េកាំងនឹង​ផ្ដល់កញ្ចប់​ប្រាក់កម្ចី ២០ពាន់លានដុល្លារ និងជំនួយហិរញ្ញវត្ថុ ១.៦ពាន់លានដុល្លារ ដល់បណ្ដា​ប្រទេសមួយចំនួន​នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រោមក្របខណ្ឌ​ដែលលោកផ្ទាល់​ហៅថា ប្រេង និងឧស្ម័ន​គឺជាគំរូស្ដារឡើងវិញ​ នូវកំណើន​សេដ្ឋកិច្ចនៅ​ក្នុងតំបន់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters ​នៅរសៀលថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

លោក ស៊ី ជិនពីង ធ្វើការសន្យា​បែបនេះ នៅក្នុងពិធីជួបជុំ​ជាមួយអ្នកតំណាង​មកពីប្រជាជាតិ​អារ៉ាប់ចំនួន ២១ នៅក្នុងរដ្ឋធានី​ប៉េកាំង នៅថ្ងៃអង្គារនេះ ហើយមិនតែ​ប៉ុណ្ណោះ ប្រធានាធិបតី​ចិនរូបនេះ ក៏បានសង្កត់ធ្ងន់​ដែរថា ការអភិវឌ្ឍ​គឺជាកូនសោ​ដ៏​សំខាន់ក្នុងការដោះ ស្រាយបញ្ហា​សន្តិសុខជាច្រើន​នៅក្នុងតំបន់​មជ្ឈិមបូព៌ា។ ថ្លែងនាឱកាសនោះ លោក ស៊ី បានគូសបញ្ជាក់ដូច្នេះថា «យើងគួរតែយក​ចិត្តគ្នា​ទៅ​វិញ​ទៅមក កុំភ័យខ្លាចពី​ភាពខុសគ្នា កុំគេចវេស​ពីបញ្ហា ហើយត្រូវបង្កើន​កិច្ចពិភាក្សា​ឱ្យកាន់​តែ​​ស៊ីជម្រៅ ​លើនយោបាយ​ការបរទេស និងយុទ្ធសាស្ត្រ​នៃការ​អភិវឌ្ឍ»

គួរជម្រាបថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ទីក្រុងប៉េកាំង​បានបង្កើនការ​ចូលរួមបស់ខ្លួន​ នៅក្នុងតំបន់​មជ្ឈិមបូព៌ា ខណៈ ប្រជាជាតិ​អារ៉ាប់ជាច្រើន ​តាមរយៈគោលនយោបាយ​សេដ្ឋកិច្ចខ្សែ​ក្រវាត់ និងផ្លូវ។ ដោយឡែក​ប្រទេសនៅក្នុង​តំបន់​មជ្ឈិមបូព៌ា ដែលនឹងទទួល​បានចំនួន​ពីចិន មានដូចជា ហ្ស៊កដានី ស៊ីរី លីបង់ យ៉េមែន និងប៉ាឡេស្ទីន​ជាដើម៕