(បាងកក)៖ ក្រុមអ្នកមុជទឹក និងក្រុមជួយសង្រ្គោះនៅក្នុងប្រទេសថៃ កំពុងបំពេញប្រត្តិបត្តិការដំណាក់កាលចុង​ក្រោយក្នុងថ្ងៃទី៣ហើយ ដើម្បីយកក្មេង​ប្រុសទាំង០៤នាក់ និងគ្រូបង្វឹក​បាល់ទាត់របស់​ពួកគេម្នាក់ ដែលនៅតែបន្ត​ជាប់ឃុំក្នុងរូងភ្នំថំាលួង នៅឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNN​ នៅរសៀលថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

ប្រតិបត្តិការ​ជួយសង្រ្គោះបាន​ឈានចូលដល់ថ្ងៃទី៣ ក្រោយក្មេងប្រុស០៨នាក់ ត្រូវបាន​គេយកចេញពីរូងភ្នំថាំលួង​ដោយសុវត្ថិភាព និងបញ្ជូនទៅ​កាន់មន្ទីរពេទ្យ កាលពីយប់​ថ្ងៃចន្ទ។ ប៉ុន្តែ​មនុស្ស ០៥នាក់ ចុងក្រោយ​នៅតែបន្តជាប់​នៅចំងាយ ០៤គីឡូម៉ែត្រ នៅក្នុង​រូងភ្នំថំាលួង​នៅឡើយ ស្របពេលក្រុម​អ្នកជួយសង្រ្គោះ កំពុង​ចាប់ផ្ដើមការងារ​របស់ពួកគេ​ជាបន្ទាន់ ដោយសារ​តែខ្លាចក្រែង​ភ្លៀងធ្លាក់ ខ្លាំងអាច​នឹងបង្កភាពស្មុគស្មាញ​ ដល់ប្រតិបត្តិការ​ជួយសង្រ្គោះ​អ្នកទាំង ០៥នាក់ចុងក្រោយ នៅ​ថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា បើតាមអភិបាល​ខេត្តឈៀងរ៉ាយ លោក ណារ៉ុងសាក់ អុសុតថាណាខន (Narongsak Osotthanakorn) ប្រតិបត្តិការ​ជួយសង្រ្គោះ​ក្នុងថ្ងៃទី៣នេះ អាចនឹងប្រើពេល​រហូតដល់​ទៅ ២០ម៉ោង ហើយវា​អាចនឹងប្រែប្រួល​ អាស្រ័យលើអាកាសធាតុ និងកម្រិតទឹក​នៅក្នុងរូងភ្នំ។

ក្មេងៗប្រុស ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួកគេម្នាក់ ត្រូវបានក្រុមអ្នក​ខាងមុជទឹក មកពីចក្រភព​អង់គ្លេសចំនួនពីរ​នាក់​រកឃើញថា នៅមានជីវិត​នៅឡើយ​កាលពីថ្ងៃចន្ទ ទី០២ ខែកក្កដា នៅម៉ោង​ប្រមាណ ១០៖២៥នាទីយប់។ មួយវិញ​ទៀត ក្រុមអ្នកជំនាញថៃ និងអន្តរជាតិ ក៏ធ្លាប់បានវាយ​តម្លៃដែរថា​ គេអាចនឹងត្រូវប្រើ​ពេលរាប់សប្ដាហ៍ ដើម្បីយកជន​រងគ្រោះទាំង ១៣នាក់ ចេញពីរូងភ្នំ​ថាំលួង​ក្នុងស្រុកម៉ែសៃ នៃខេត្ត​ឈៀងរ៉ាយ ភាគខាងជើង​ប្រទេសបាន៕