(ឡាហាវ៉ាន់)៖ មន្រ្តីជាន់ខ្ពស់​កូរ៉េខាងជើង​មួយរូប ទើបតែបាន​បញ្ចប់ដំណើរទស្សនកិច្ច​នៅឯប្រទេសគុយបា បន្ទាប់ពីបាន​ជួប​ពិភាក្សា​​ជាមួយរដ្ឋមន្រ្តី​ការបរទេសគុ​យបា និងពាំនាំ​សាររបស់​លោក គីម ជុងអ៊ុន ផ្ញើជូនមេដឹកនាំថ្មី​របស់ប្រទេសនៅ​តំបន់ការីបៀន​មួយនេះ​។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

ដំណើរទស្សនកិច្ច​រយៈពេល ០៥ថ្ងៃ​របស់លោក រី ស៊ូយ៉ុង (Ri Su Yong) ដែលជាអនុប្រធាន​គណៈកម្មាធិការ​មជ្ឈិម នៃគណបក្ស​កាន់អំណាច​​កូរ៉េ​ខាងជើង បានបញ្ចប់ទៅកាល​ពីថ្ងៃចន្ទដើម​សប្តាហ៍។

នៅក្នុងដំណើរ​បំពេញទស្សនកិច្ច​នេះ លោក Ri ក្រោមគោលបំណង​ព​ង្រឹងទំនាក់​ទំនង​ រវាងទីក្រុង​ព្យុងយ៉ាង និងឡាហាវ៉ាន់ ក្រោយការ​បោះឆ្នោតជ្រើសរើស​មេដឹកនាំថ្មី​នៅគុយបា ដែលបាន​ប្រព្រឹត្តទៅកាលពី​ថ្ងៃមេសា បានជួបពិភាក្សា​ជាមួយរដ្ឋមន្រ្តី​ការបរទេសគុយ​បា លោក ប្រ៊ូណូ រ៉ូទ្រីហ្គែស (Bruno Rodriguez) ព្រមទាំងប្រធានាធិបតី​ថ្មី គឺលោក មីហ្គែល ឌីយ៉ាស កាណែល (Miguel Diaz-Canel) ហើយនិងអតីតមេដឹកនាំគុយបាលោក រ៉ាអ៊ូល ខាស្ត្រូ (Raul Castro) ផងដែរ។

គួរជម្រាបថា នៅក្នុងឱកាសជួប​ជាមួយលោក Diaz-Canel លោក Ri បានប្រគល់​ជូនមេដឹកនាំ​គុយបារូបនេះ នូវលិខិតមួយ​ច្បាប់ដែល​​ផ្ញើមកពីប្រមុខដឹកនាំ​កំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈខ្លឹមសារ​របស់សំបុត្រនោះ ពុំត្រូវបានបញ្ជាក់​ឲ្យដឹង​ឡើយ៕