(សេអ៊ូល)៖ នៅចំពោះមុខភាព​ប្រសើរឡើង​ នៃទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង កូរ៉េខាងត្បូង​នាថ្ងៃអង្គារនេះបានសម្រេច «​លុបចោលគម្រោងធ្វើសមយុទ្ធយោធា​ការពារជាតិ​ឈ្មោះថា Ulchi» ដែលកន្លងមកជាការហាត់​​សម​ ដែលមានគោលដៅត្រួតពិនិត្យ និងវាយតម្លៃ​ទៅលើ សមត្ថភាពត្រៀម​លក្ខណៈប្រយុទ្ធ របស់ប្រទេសអាស៊ី​ខាងកើត​មួយនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌​​មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​អង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​រួម ចេញមកពី​ក្រសួង​ការពារជាតិព្រមទាំង​ក្រសួងរដ្ឋបាល​សាធារណៈ និងសន្តិសុខ​កូរ៉េខាងត្បូង បានឲ្យដឹងថា ការសម្រេច​ខាងលើនេះ​ត្រូវបានធ្វើឡើង​ នៅអំឡុងកិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​របស់​ប្រធានាធិបតី លោក មូន ជែអ៊ីន ដោយ​ស្របទៅ​តាមស្ថានការណ៍​សន្តិសុខនាពេលថ្មីៗ​នេះ រួមជាមួយ​ការផ្អាកសមយុទ្ធយោធា​រួមគ្នា កូរ៉េខាងត្បូង-អាមេរិក នៅខែ​ក្រោយ។

ការលុបចោល​សមយុទ្ធ Ulchi នាឆ្នាំនេះ បានកើត​មានឡើង បន្ទាប់ពីទីក្រុង​សេអ៊ូល និងវ៉ាស៊ីនតោន បានប្រកាសកាល​ពីពាក់​កណ្តាល​ខែមិថុនា​កន្លងទៅថា នឹងផ្អាកការធ្វើ​សមយុទ្ធយោធា​រួមឈ្មោះថា Freedom Guardian ហៅកាត់ UFG ដែលត្រូវបានគ្រោង​នឹងធ្វើ​ឡើង​​សម្រាប់​ខែសីហា។ នាពេល​កន្លងមកនេះ សមយុទ្ធយោធា​ទាំងពីរ តែងតែត្រូវបាន​ប្រារព្ធឡើង​ព្រមគ្នា ​នៅខែសីហា​ជារៀង​រាល់ឆ្នាំ។

គួរជម្រាបថា ភ្លាមៗ​ក្រោយកិច្ចប្រជុំកំពូល​ជាលើកដំបូង​ ជាមួយប្រមុខដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន នៅឯប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃទី១២ ខែមិថុនា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ​ត្រាំ បានប្តេជ្ញាថា នឹងបញ្ឈប់រាល់​ការធ្វើសមយុទ្ធ​បង្កហេតុ​ជាមួយ​​កូរ៉េខាងត្បូង ដរាបណាកិច្ច​ចរចានៅតែបន្តជា​មួយទីក្រុង​ព្យុងយ៉ាង៕