(អង់ការ៉ា)៖ ប្រធានាធិបតី​តួកគី លោក រីស៊ីប តាយយ៉ីប អឺដូហ្គាន់ (Recep Tayyip Erdogan) បានតែងតាំង​កូនប្រសារប្រុស​របស់​លោកឈ្មោះ ប៊ឺរ៉ាត អាល់បាយរ៉ាក់ (Berat Albayrak) ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ​តួកគីថ្មី បន្ទាប់ពីលោក​ចូលស្បថកាន់​តំណែង​ ជាប្រធានាធិបតី​សម្រាប់​អាណត្តិថ្មី ០៥ឆ្នាំ ទៅមុខ​ទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

លោក Berat Albayrak ធ្លាប់កាន់តំណែង​ជារដ្ឋមន្ត្រីថាមពល​កាលពីឆ្នាំ២០១៥ ហើយការតែងតាំង​រូបលោក ត្រូវ​បានក្រុមអ្នកប្រឆាំងនឹង​លោក អឺដូហ្កាន់ ចោទថា​ជាការពង្រឹងអំណាច​នៅក្នុងជួររដ្ឋាភិបាលថ្មី ដែលប្រធានាធិបតី​មានសិទ្ធិលើស​លុប ក្នុងការតែង​តាំងគណៈរដ្ឋមន្ត្រី និងរហូតដល់​រំលាយសភា អនុឡោមតាមរដ្ឋធម្មនុញ្ញ​ថ្មី ដែលត្រូវបានធ្វើ​វិសោធនកម្មកក្រោយ​រដ្ឋប្រហារ​មិ​នបាន សម្រេច​កាលពី​ឆ្នាំ២០១៦។

គួរជម្រាបថា លោក អឺដូហ្កាន់ បានស្បថឡើង​កាន់ដំណែងជាប្រធានាធិបតី​សម្រាប់អាណត្តិថ្មី នៅថ្ងៃចន្ទ​សប្ដាហ៍នេះ បន្ទាប់ពី​លោក បានឈ្នះនៅក្នុង​ការបោះឆ្នោតសកលកាលពី​ខែមិថុនាកន្លងទៅ។ លោកបានសន្យាថា នឹងដឹកនាំប្រទេសតួកគីឆ្ពោះ​ទៅរកភាពរីក​ចំរើន ជាមួយប្រព័ន្ធដឹកនាំ​ថ្មី ដែលក្រុមអ្នកប្រឆាំង​សម្ដែង​ការព្រួយបារម្ភថា នឹងបំផ្លាញ​ដល់លទ្ធិ​ប្រជាធិបតេយ្យ៕