(ឡុងដ៍)៖ ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ បានឱ្យដឹងនៅថ្ងៃចន្ទនេះថា លោក បូរីស ចនសុន (Boris Johnson​) បានសម្រេចចិត្តលាលែងចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសអង់គ្លេសហើយ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយរដ្ឋមន្រ្តី ទទួល​​បន្ទុកដំណើរការ Brexit (ការដកអង់​គ្លេសចេញពី​សហភាពអឺរ៉ុប) លោក ដេវីដ ដាវីស (David Davis) ដាក់លិខិតលាលែង ពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៩ ខែកក្កដា​ ឆ្នាំ២០១៨។

លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) កាលពីសប្ដាហ៍មុន ធ្លាប់បានព្រមានថា លោកស្រីនឹងបណ្ដេញ​រដ្ឋមន្ត្រីការបរទេស លោក បូរីស ចនសុន (Boris Johnson​) ចេញពី​តំណែង បើសិនជា​លោកនៅតែរឹងទទឹង និងព្យាយាម​បំផ្លាញដល់គោលជំហរ​នៃ កិច្ចចរចា​ស្ដីពី Brexit​ ដែលត្រូវបាន​ព្រមព្រៀងដោយគណៈរដ្ឋមន្ត្រី​របស់លោកស្រី​ កាលពីថ្ងៃសុក្រ​។

គួរបញ្ជាក់ថា បច្ចុប្បន្ន Brexit បានក្លាយជា​ច្បាប់ជាផ្លូវការ​ហើយ ក្រោយម្ចាស់ក្សត្រី​អង់គ្លេសឡាយព្រះហស្ថលេខា ខណៈបើតាម គ្រោងទុក​អង់គ្លេស នឹងចាកចេញពីសហភាព​នៅថ្ងៃ២៩ ខែមីនា ឆ្នាំ២០១៩។ ប៉ុន្តែ ការលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់ទាំង ពីររូបនេះត្រូវបានគេរំពឹងអាចនឹងជះឥទ្ធិពលមិនល្អដល់រដ្ឋាភិបាលលោកស្រី ម៉ាយ៕