(បាងកក)៖ ក្មេងប្រុសទី៦ ទី៧​ និងទី៨ ត្រូវបានយកចេញ​ពីរូងភ្នំថាំលួង នៃខេត្ត​ឈៀងរ៉ាយ ភាគខាងជើង​​ប្រទេស​ថៃបាន​សម្រេច ដែលនាំឲ្យមនុស្ស​សរុបចំនួន០៨នាក់ ហើយត្រូវបាន​សង្គ្រោះ​យកចេញ​ដោយសុវត្ថិភាព​ក្រោយពីពួកគេទាំងអស់១៣នាក់បានជាប់ ក្នុងនោះ គិតចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា មកម្ល៉េះ។ នេះបើតាម​​ការចេញផ្សាយ​ដោយ The Nation នាយប់​ថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។

បើតាមក្រុម​ជំនាញ ក្រុមសង្គ្រោះនឹងព្យាយាម​យកមនុស្សទាំង ៥នាក់ទៀត ដែលកំពុងបន្តជាប់​ក្នុងរូងភ្នំនៅឡើយ ហើយបើមិនមាន​ភ្លៀងធ្លាក់បន្ថែម ឬបញ្ហាបច្ចេកទេស​អ្វីទេនោះ ក្រុមសង្គ្រោះនឹង​បន្តប្រតិបត្តិការរហូត​ដល់យប់ជ្រៅតែម្តង ដើម្បីសង្គ្រោះមនុស្ស រហូតទាល់តែអស់​ចេញពីរូងភ្នំ។ ក្មេងប្រុសទាំង៣នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរនៅក្នុងតំបន់តាមឧទ្ធម្ភាគចក្រ រីឯក្មេងប្រុស៤នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់នៅជាប់ក្នុងរូងភ្នំនៅឡើយ។​

គួរបញ្ជាក់ថា អាជ្ញាធរថៃ​មិនទាន់​ផ្តល់​ការ​​បញ្ជាក់​​​ ទៅ​លើ​ឈ្មោះ​​​របស់ក្មេងៗ​ទាំង ០៨នាក់ ដែលត្រូវបាន​សង្គ្រោះជាផ្លូវការ​នោះឡើយ ដែលប្រការនេះអាច​និយាយបានថា ត្រូវរង់ចាំ​ពួកគេសង្គ្រោះ​​មនុស្សឲ្យអស់គ្នាសិន និង​ប្រាកដថា គ្មានមនុស្ស​ណាម្នាក់រងគ្រោះ ទើបសន្និសីទ​សារព័ត៌មាន​ផ្លូវការ​មួយ ត្រូវរៀបចំ​ជាក្រោយ៕