(តូក្យូ)៖ ចំនួនមនុស្ស​ស្លាប់ដោយបំណាក់​ដី និងគ្រោះទឹកជំនន់ ដែលបង្កើត​ដោយភ្លៀងធ្លាក់​ជោគជាំ នៅតាម​តំបន់ភាគខាងលិច​​ប្រទេស​ជប៉ុន បានកើនដល់ ១១២នាក់ហើយ ខណៈជនរងគ្រោះ​យ៉ាងតិច ០៣នាក់ កំពុងស្ថិត​ក្នុងស្ថានភាព​របួសធ្ងន់ធ្ងរ និង ៧៩នាក់​ទៀតនៅ​បន្ត​​​បាត់​ខ្លួន ដូច្នេះហើយចំនួនមនុស្សបាត់បង់ជីវិត អាចមានការបន្តកើនឡើង​ថែមទៀត។ នេះបើតាម​ការដកស្រង់ការ​ផ្សាយដោយ ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។

ឆ្លើយតប​ចំពោះគ្រោះមហន្តរាយ​ដ៏ធ្ងន់ធ្ងរមួយនេះ ប្រតិបត្តិការរុករក និងជួយសង្រ្គោះ បាននិងកំពុង​បន្តប្រព្រឹត្តទៅយ៉ាង​សកម្មជាទីបំផុត​ នៅតាមតំបន់រង​គ្រោះធ្ងន់ខ្លាំងដូចជា​ខេត្តហ៊ីរ៉ូស៊ីម៉ា ដែលមាន​មនុស្ស ៤៤នាក់បាត់បង់ជីវិត ព្រមទាំងតំបន់មួយចំនួនទៀតរួមមាន​ខេត្ត​ អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា, ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ, កូជី, និងសាហ្គា។

គួរជម្រាបថា មនុស្សជាច្រើននាក់ ត្រូវគេជឿជាក់ថា កំពុងនៅជាប់គាំងក្នុងផ្ទះរបស់ពួកគេ ដោយសារតែផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ និង​ជន់លិច ខណៈសេចក្តីបង្គាប់ឲ្យជម្លៀសខ្លួន ត្រូវបាន​ដាក់ចេញសម្រាប់ប្រជាជនជប៉ុនជិត ០៦លាននាក់ទៀត នៅតាម​ខេត្តចំនួន​១៩៕