(ថៃ)៖ ប្រតិបត្តិការ​ជួយសង្រ្គោះ​ក្មេងប្រុសដែល​នៅសល់ចំនួន ០៨នាក់ទៀត រួមជាមួយគ្រូបង្វឹក​ម្នាក់របស់ពួកគេណ (សរុប០៩នាក់) ដែលបានជាប់​ខ្លួននៅក្នុង​រូង​ភ្នំ​ភាគខាងជើងប្រទេសថៃនោះ​កំពុងប្រព្រឹត្តជាបន្តទៀត ក្រោយពីបាន​ផ្អាកអស់រយៈពេល​ជាង ១០ម៉ោង កាលពីយប់មិញ​បន្ទាប់​ពីជួយបាន​ក្មេង ០៤នាក់ ដំបូងចេញមកវិញ។ នេះបើតាម​ប្រភពពីមន្រ្តី​ជើងទឹកថៃ ដែលជាអ្នកផ្តល់​ព័ត៌មានផ្លូវការ​ក្នុងប្រតិបត្តិការនេះ ដក​ស្រង់​សម្តី​​ដោយ​​​សារ​ព័ត៌​មានអាមេរិក CNN នៅរសៀល​ថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។

មន្រ្តីយោធា​ថៃខាងលើ​បានប្រាប់ CNN ដូច្នេះថា «ប្រតិបត្តិការ​ជួយសង្រ្គោះ​មនុស្សចេញពី​ក្នុងរូងភ្នំ បាន​ចាប់ផ្តើម​ប្រព្រឹត្តទៅ​ជា​​បន្ត​ទៀត​​​ហើយនា​ពេលនេះ ហើយវាមានការចូលរួម​ពីក្រុមអ្នកជំនាញ​មុជទឹកដដែល ដែលបាន​បំពេញបេសកកម្ម​ដ៏លំបាក​ កាលពីថ្ងៃអាទិត្យ​​ម្សិលមិញ ដែលចំណាយ​ប្រមាណ ០៩ម៉ោង និងឈាន​ដល់ការសង្រ្គោះ​ក្មេងបាន ០៤នាក់ដំបូង ចេញមក​ខាង​ក្រៅវិញ»។

សម្រាប់​ថ្ងៃចន្ទនេះ រថយន្តសង្រ្គោះ​បន្ទាន់ចំនួន ០៥គ្រឿង​ និងឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបញ្ជូន​ទៅកាន់តំបន់រូងភ្នំ​ថាំលួង ក្នុង​ស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ។ ខណៈនេះ ពេលវេលាបាន​​កន្លងផុតទៅជាង ១២ម៉ោងហើយ ចាប់តាំងតែពីប្រតិបត្តិការ​​ជួយសង្រ្គោះ​ដែលមានការសហការរួមគ្នា​រវាងក្រុមអ្នកជំនាញថៃ និងអន្តរជាតិ បាន​ឆ្លងកាត់ច្រក​ដ៏តូចចង្អៀត​ចូលទៅក្នុងរូងភ្នំ ហើយ​នាំ​​យក​ក្មេងប្រុស ០៤នាក់ ក្នុងចំណោម​មនុស្សទាំង ១៣នាក់ ដែលបានជាប់គាំង​នៅក្នុងរូងភ្នំលិច​ទឹកនេះ តាំងពី​ថ្ងៃទី២៣ ខែមិថុនាមក។

គួរជម្រាបថា ក្មេងទាំង០៤នាក់ ដែលត្រូវបានជួយសង្រ្គោះពីម្សិលមិញ កំពុងសម្រាកតាមដានសុខភាពយ៉ាងដិតដល់ នៅឯមន្ទីរពេទ្យ​នៅក្នុងខេត្តឈៀងរ៉ាយ ហើយពួកគេមិនទាន់បានជួបមុខឪពុក-ម្តាយរបស់ខ្លួននៅឡើយទេ។
បើតាមសមាជិកម្នាក់របស់ក្រុមគ្រួសារ​ពួកក្មេងៗទាំងនេះ បានប្រាប់ CNN ថា គេមិនទទួលបានដំណឹងថា តើ​ក្មេងប្រុសណាខ្លះ ត្រូវបាន​សង្រ្គោះចេញមក​ក្រៅ​កាលពីម្សិល​មិញ និងអ្នកណាខ្លះ​នៅជាប់ក្នុងរូងភ្នំ​នៅឡើយនោះទេ ។ ម៉្យាងវិញទៀត អាជ្ញាធរថៃ បានបដិសេធព្រម​ផ្តល់​ការ​បញ្ជាក់​​ទៅ​លើ​ឈ្មោះ​​របស់ក្មេងៗ ដែលត្រូវបាន​ចុះផ្សាយតាម​បណ្តាញព័ត៌មាន​​ក្នុងស្រុក​ឡើយ។

ម៉្យាងវិញទៀត ពុំទាន់មានការ​បញ្ជាក់ច្បាស់លាស់នោះទេថា តើក្មេងប៉ុន្មាននាក់ទៀត ឬក៏លោកគ្រូបង្វឹក​របស់ពួកគេ ដែលនឹងត្រូវ​​​សង្រ្គោះ​ចេញមកក្រៅនា​ថ្ងៃចន្ទនេះ៕