(តូក្យូ)៖ អាជ្ញាធរ​ជប៉ុន​នៅថ្ងៃអង្គារនេះ​បានឱ្យដឹងថា ចំនួនអ្នកស្លាប់​​ដោយសារ​គ្រោះ​ទឹកជំនន់ និងរអិលបាក់ដី បង្ក​ឡើងដោយ​ភ្លៀង​ធ្លាក់ខ្លាំង នៅឯ​តំបន់ភាគ​ខាងលិច​នៃប្រទេសបាន​​កើនដល់ ៩៧នាក់ហើយ ខណៈពួកគេ​កំពុងពន្លឿនការស្វែង​រកមនុស្ស ៥៦នាក់ ដែលកំពុងបាត់​ខ្លួននៅឡើយ គិតចាប់តាំង​​ពីថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន មក​ទល់នឹង​ព្រឹកថ្ងៃ​ចន្ទ​សប្តាហ៍ថ្មី​នេះ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទូរទស្សន៍​ជប៉ុន NHK ​នៅព្រឹក​ថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម​អាជ្ញាធរ​ជប៉ុន​គិតត្រឹម​ម៉ោង ១១៖០០នាទីព្រឹក​ថ្ងៃចន្ទនេះ (ម៉ោងក្នុង​ទីក្រុងតូក្យូ) មនុស្ស​០៣នាក់បានរងរបួស​ធ្ងន់ ហើយ​ខេត្ត ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ជាតំបន់រង​គ្រោះធ្ងន់ធ្ងរជាងគេ​ ដោយមាន​មនុស្ស ៤២នាក់ស្លាប់ ហើយខេត្ត អេហៃមេ (Ehime) មានមនុស្សស្លាប់ ២៣នាក់។

ចំណែកឯខេត្ត អូកាយ៉ាម៉ា (Okayama), ហ៊ីយ៉ូកុ (Hyogo), ក្យូតុ (Kyoto), ស៊ីហ្គា (Shiga), ហ្វូគូអូកា (Fukuoka), កូជិ (Kochi), ជីហ្វូ (Gifu), យ៉ាម៉ាគូជិ (Yamaguchi), សាហ្គា (Saga) និង ខេត្ត កាហ្គោស៊ីម៉ា (Kagoshima) ក៏មានសេចក្ដី​រាយការណ៍ពីអ្នកបាត់ខ្លួន និងបាត់បង់ជីវិត​ផងដែរ។

គួរបញ្ជាក់ថា ក្រៅពីការបាត់បង់អាយុជីវិត​មនុស្ស ប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធ​ដូចជា ស្ពាន ថ្នល់ ព្រមទាំងផ្ទះសម្បែង​ជាច្រើន ​ក៏ត្រូវ​បានរងការ​​បំផ្លិចបំផ្លាញ និងជន់លិច ដោយសារគ្រោះ​ធម្មជាតិ​ដ៏អាក្រក់នេះ​ផងដែរ ហើយស្ថិតនៅ​ក្នុងទំហំធំធេងខ្លាំង​តែម្តង ស្របពេលផ្ទះប្រមាណ ១២,៧០០ខ្នង គ្មានអគ្គិសនី​ប្រើប្រាស់៕