(វ៉ាស៊ីនតោន)៖ សារព័ត៌មាន​អាមេរិក Wall Street Journal បានចុះផ្សាយ​អត្ថបទ​ក្រើនរំលឹក​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ឲ្យ​​គិត​គូរពិចារណា​ឡើងវិញ ជុំវិញគម្រោង​បង្កើតកងទ័ព​អវកាស ដែលលោក​កំពុងជាប់ចិត្ត​ជាខ្លាំង ទៅលើរឿងបង្កើត​កងអង្គភាព​ថ្មីនេះ ដោយ​ហាក់មិនបាន​ខ្វាយខ្វល់​​អំពីមូលហេតុ​ថា តើហេតុអ្វី​ដែលបានជា​ផែនការនេះ មិនគួរលេចចេញ​ជារូបរាងឡើយ នា​ខណៈ​នេះ។​ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីវែបសាយ Space.com នៅព្រឹក​ថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងអត្ថបទមួយ​មានចំណង​ជើងថា «Houston, We Have a Space Force» Wall Street Journal បាន​សរសេរថា «គម្រោង​​នេះ​មិនគួរ​លេចចេញ​ជារូបរាងឡើយ​នាពេលនេះ ទោះបីជា​លោក ដូណាល់ ត្រាំ គិតត្រូវអំពី​ការគំរាមកំហែង​​ពី​គូប្រជែងក៏ដោយក្តី»។ សារ​ព័ត៌​មាន​នេះ​​​បាន​​​លើក​ឡើង​ថា បញ្ហានោះ​គឺមិនមែនទីអវកាស​ ពុំសាកសមនឹងទទួលចំណាប់អារម្មណ៍​របស់យើងឡើយ ប៉ុន្តែយោធាសព្វថ្ងៃ​កំពុង​មានបន្ទុក​ខ្លាំង ទាក់ទិននឹង​វត្តមាននៃស្ថាប័ន​ចំណុះ និងថ្លៃចាយវាយផ្សេងៗ​ដ៏ច្រើនសន្ធឹក​សន្ធាប់ ដែល​អាច​​ធ្វើ​​ឲ្យ​​​ការ​​បង្កើត​​កង​​ទ័ព​​​អវកាស​​ ដាច់​ដោយ​​ឡែក​​មួយ​ទៀត​​នោះ ពុំមែនជា​គំនិតល្អ​ឡើយ។

ម៉្យាងវិញទៀត វាក៏នឹងបង្កឲ្យមាន​ការប្រកួតប្រជែង​គ្នា រវាងកងអង្គភាព​នីមួយៗ នៃកងកម្លាំង​ប្រដាប់អាវុធអាមេរិក​ផងដែរ ជាពិសេស​នោះ គឺរវាងកងទ័ព​អវកាសថ្មី និងកងទ័ព​អាកាស ដែលបច្ចុប្បន្នមាន​តួនាទីមើលការខុស​ត្រូវ លើសកម្មភាពយោធា​នៅទីអវកាស​​​​ប្រមាណ​​៩០ភាគរយ​តែម្តង ដើម្បីដណ្តើមយក​កញ្ចប់ថវិកាពីក្រសួង​ការពារជាតិ។

សារព័ត៌មាន​ខាងលើបានកត់​សម្គាល់ថា លោក ដូណាល់ ត្រាំ និងអ្នកគាំទ្រ​ដទៃទៀត នៃការបង្កើត​អង្គភាពទ័ពអវកាស​ដាច់ដោយ​​ឡែក​នេះ គឺត្រឹមត្រូវហើយ ដើម្បីកំណត់ថា ទីអវកាស​គឺជាមូលដ្ឋានយោធា​មួយ ដែលគួរទទួលបាន​ការការពារប្រសើរ​ជាងមុន ខណៈ​បរទេស​ដូ​ចជារុស្ស៊ី និងចិន កំពុងការបង្កបញ្ហា​ប្រឈម និងការគំរាមកំហែងខ្លាំង។ ប៉ុន្តែ​លោក ដូណាល់ ត្រាំ គួរគិតឡើងវិញ​អំពីគម្រោងនេះ ដោយហេតុថា យោធាសព្វថ្ងៃ​កំពុងជួបប្រទះ បញ្ហា​ហិរញ្ញវត្ថុ​ខ្លាំង​រួចស្រេចទៅ​ហើយ។

គួរជម្រាបថា យ៉ាងណាមិញ លោក​ប្រធានាធិបតីអាមេរិក បាននិងកំពុងបន្ត​លើកឡើង​ អំពីគម្រោងបង្កើតទ័ពអវកាសនេះ នៅតាម​​ព្រឹត្តិការណ៍​យោធា និងការជួបអ្នកគាំទ្រ​ផ្នែកនយោបាយ​នានា ដែលរាល់ការថ្លែង​ទាក់ទិននឹងគំនិតនេះ លោក ត្រាំ តែងតែទទួលបាន​​ការទះដៃសាទរ​ពីសំណាក់អ្នក​ចូលរួម៕