(តូក្យូ)៖ អាជ្ញាធរ​ជប៉ុន​បានព្រមានថា ចំនួនអ្នកស្លាប់​ដោយសារគ្រោះ​ទឹកជំនន់ និងរអិលបាក់ដី បង្ក​ឡើងដោយភ្លៀង​ធ្លាក់ខ្លាំង នៅឯ​តំបន់ភាគខាងលិច​នៃប្រទេស អាចនឹងបន្ត​កើនឡើង ខណៈមនុស្សស្លាប់កើនឡើងដល់ ៩០នាក់ និង ៥៨នាក់ទៀត នៅតែបន្ត​បាត់ខ្លួននៅ​ឡើយ គិតចាប់តាំង​ពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន មក​ទល់នឹង​ព្រឹកថ្ងៃចន្ទ​សប្តាហ៍ថ្មី​នេះ។ នេះបើតាម​ការចេញផ្សាយដោយ​ទូរទស្សន៍​ជប៉ុន NHK ​នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​ជប៉ុន​គិតត្រឹមម៉ោង ០៩៖៣០ព្រឹក​ថ្ងៃចន្ទនេះ មនុស្សស្លាប់​បានកើនដល់ ៩០នាក់ ហើយមនុស្ស ០៣នាក់របួស​ធ្ងន់​ និង ៥៨នាក់​ផ្សេងទៀត​ នៅតែបន្តបាត់ខ្លួន​នៅឡើយ។

ចំណែកឯ​ខេត្ត ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ជាតំបន់រង​គ្រោះធ្ងន់ធ្ងរជាងគេ​ ដោយមាន​មនុស្ស ៣៨នាក់ស្លាប់ ហើយខេត្ត អេហៃមេ (Ehime) មានមនុស្សស្លាប់ ២២នាក់ ខណៈខេត្ត អូកាយ៉ាម៉ា (Okayama), ហ៊ីយ៉ូកុ (Hyogo), ក្យូតុ (Kyoto), ស៊ីហ្គា (Shiga), ហ្វូគូអូកា (Fukuoka), កូជិ (Kochi), ជីហ្វូ (Gifu), យ៉ាម៉ាគូជិ (Yamaguchi), សាហ្គា (Saga) និង ខេត្ត កាហ្គោស៊ីម៉ា (Kagoshima) ក៏មានសេចក្ដី​រាយការណ៍ពីអ្នកបាត់ខ្លួន និងបាត់បង់ជីវិត​ផងដែរ។

គួរបញ្ជាក់ថា ក្រៅពីជីវិត​មនុស្ស ប្រព័ន្ធហេដ្ឋរចនា​សម្ព័ន្ធ ដូចជាស្ពាន ថ្នល់ ព្រមទាំងផ្ទះសម្បែង​ក៏ត្រូវ​បាន​​បំផ្លិចបំផ្លាញ និងជន់លិច ដោយសារគ្រោះ​ធម្មជាតិដ៏អាក្រក់នេះ​ផងដែរ ហើយស្ថិតនៅ​ក្នុងទំហំធំធេងខ្លាំង​តែម្តង៕