(ថៃ)៖ បើតាមលោក Narongsak Osottanakorn ប្រធានដឹកនាំប្រតិបត្តិការជួយសង្រ្គោះ​មនុស្សទាំង១៣នាក់ ចេញពីក្នុងរូងភ្នំថាមលួង​នៅភាគខាងជើងប្រទេសថៃ បានឲ្យដឹងថា​​ប្រតិបត្តិការត្រូវផ្អាកត្រឹមនេះសិន​​ ហើយនឹងបន្តទៀតនៅចន្លោះ១០ទៅ២០ម៉ោងក្រោយ ដោយសារតែបំពង់ខ្យល់អុកស៊ីសែនត្រូវបានប្រើប្រាស់អស់ បូករួមជាមួយភាព​ហត់នឿយ ខណៈក្មេងៗចំនួនត្រឹម០៤នាក់ដំបូងប៉ុណ្ណោះ ត្រូវលោកបញ្ជាក់ថា ត្រូវបានជួយសង្រ្គោះចេញមកក្រៅដោយសុវត្ថិភាព រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ​នៅខេត្តឈៀងរ៉ាយ។ នេះបើ​តាម​ការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardian នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨។

លោក Narongsak បានបន្ថែមថា ប្រតិបត្តិការនាថ្ងៃអាទិត្យនេះ បានប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យហួស​ពី​ការ​រំពឹង​ទុក​ តាមរយៈមធ្យោបាយនៃការជួយសង្រ្គោះក្មេងៗខាងលើ ដោយការមុជទឹក​ឆ្លងផ្លូវ​ចេញពីក្នុងរូងភ្នំដ៏ជ្រៅនេះ។ សម្រាប់ក្មេងដែល​នៅ​​សល់​ទាំង០៨នាក់ទៀត ព្រមទាំងគ្រូបង្វឹកម្នាក់របស់ពួកគេ គឺត្រូវរង់ចាំមួយរយៈពេលទៀត នៅកន្លែងដដែល គឺជិតតំបន់ដែលគេហៅ​ថា Pattaya Beach ក្នុងរូងភ្នំ។ ដោយសម្អាងលើព័ត៌មានលម្អិតបន្ថែមនេះ សេចក្តីរាយការណ៍នៅមុននេះ ដែលថាក្មេង០៦នាក់ ត្រូវបាន​ជួយនាំចេញមកដល់ខាងក្រៅវិញនោះ គឺមិនត្រឹមត្រូវឡើយ។

គួរជម្រាបថា នាព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរបានសម្រេចចាប់ផ្តើមការជួយសង្រ្គោះមនុស្សទាំង១៣នាក់ ដែលបានជាប់ក្នុង​រូងភ្នំ​ថាម​លួង នៃស្រុកម៉ែ​សៃ​ក្នុង​ខេត្ត​ឈៀង​រ៉ាយភាគខាងជើងប្រទេស​ តាំងពីថ្ងៃទី២៣ ខែមិថុនាមក ហើយទើបតែត្រូវបានរកឃើញកាលពី​ដើមខែកក្កដានេះ ឲ្យចេញមកខាងក្រៅវិញ តាមរយៈការបញ្ជូនក្រុមអ្នកជំនាញមុជទឹក​ ដើម្បី​​​ជួយអមដំណើរពួកគេ។ ក្មេងទាំង០៤នាក់​ ខាងលើ ត្រូវបានជ្រើសរើសឲ្យចេញមកមុនគេ ​តាមរយៈការវាយតម្លៃទៅលើស្ថានភាពសុខភាពរបស់ពួកគេ ពោលអ្នកដែលមានកម្លាំងមាំទាំ ត្រូវយកចេញមកមុន ៕