(វ៉ាស៊ីនតោន)៖ នាវាចម្បាំងអាមេរិកពីរគ្រឿង ត្រូវគេរាយការណ៍ថាបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នាចុងសប្តាហ៍នេះ ខណៈ​វា​គឺ​ជា​ទង្វើ​មួយ​ដែល​កោះតៃវ៉ាន់អាចចាត់ទុកថាជា សញ្ញានៃការគាំទ្រពីសហរដ្ឋអាមេរិក ប៉ុន្តែដាច់ដោយឡែកពីគ្នាការចល័តនាវានេះ ប្រហែល​ជា​អាច​បង្ក​ភាពតានតឹងថែមទៀតជាមួយប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ នាវាចម្បាំងអាមេរិកទាំងពីរ ដែលបង្ហាញសញ្ញានៅលើប្រព័ន្ធរ៉ាដា កំពុងធ្វើដំណើរឆ្ពោះទៅ​ភាគ​ឦ​សាន ហើយការធ្វើនាវាចរណ៍នេះ គឺស្របទៅតាមបទបញ្ញត្តិផ្លូវការ។ យ៉ាងណាមិញ យោធារបស់សហរដ្ឋអាមេរិកផ្ទាល់ បានបដិសេធ​​មិនធ្វើការអត្ថធិប្បាយជុំវិញបញ្ហានេះឡើយ។

តាំងពីដើមមក រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែបានលើកឡើងថា តៃវ៉ាន់ គឺជាបញ្ហាដ៏រសើបមួយ នៅក្នុងទំនាក់ទំនងការទូតរបស់ខ្លួន​ជាមួយសហរដ្ឋអាមេរិក ដោយមហាអំណាចសេដ្ឋកិច្ចកំពូលទីពីរនេះ ចាត់ទុកថាកោះវ៉ាន់គ្រាន់តែជាខេត្តមួយក្រោមការគ្រប់គ្រងរបស់​ខ្លួនប៉ុណ្ណោះ។

គួរជម្រាបថា ភាពតានតឹងរវាងចិននិងអាមេរិកបានកើនឡើងកម្តៅខ្លាំង ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលសង្រ្គាម​​ពាណិជ្ជកម្មបានផ្ទុះឡើងជាផ្លូវការ ដោយទីក្រុងប៉េកាំងទើបតែបានធ្វើការដំឡើងពន្ធ២៥ភាគរយទៅលើទំនិញនាំចូលអាមេរិកទំហំ​៣៤ពាន់លានដុល្លារ ដើម្បីជាការឆ្លើយតបនឹងទង្វើដូចគ្នារបស់ទីក្រុងវ៉ាស៊ីនតោន៕