(តូក្យូ)៖ មនុស្សចំនួន ២១នាក់ហើយបានបាត់បង់ជីវិត និង៤៧នាក់ទៀតបាត់ខ្លួន ដោយសារតែភ្លៀងធ្លាក់ខ្លាំង បំណាក់ដី និងទឹកកកជំនន់ ដែលបានវាយប្រហារ​ប្រទេសជប៉ុន តាំងតែពី​ថ្ងៃព្រហស្បតិ៍មក​ម្ល៉េះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។

ភ្លៀងធ្លាក់ខ្លាំងបាន​បង្កការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ដល់ខេត្តយ៉ាងហោច​ណាស់​ចំនួន ២០ នៅទូទាំងប្រទេសជប៉ុន ខណៈក្រុមគ្រួសារ​សរុបជាង ៣លាននាក់ ត្រូវបានជម្លៀស​ទៅកាន់ទីកន្លែង​សុវត្ថិភាព ដើម្បីគេចចេញពី​គ្រោះមហន្តរាយនានា ដែលបាន និងកំពុងបង្កឡើង​ដោយភ្លៀងធ្លាក់ និងទឹកជំនន់​យ៉ាងគំហុកនេះ។

បើតាមសម្តី​របស់​អាជ្ញាធរ​ជប៉ុន សមាជិកក្រុម​សង្គ្រោះ ប៉ូលិស ក្រុមពន្លត់អគ្គភ័យ និងកងកម្លាំង​ស្វ័យ​ការពារ​សរុបប្រមាណជា ៤៨,០០០នាក់ កំពុងតែចេញ​ប្រតិបត្តិការសង្គ្រោះ​ប្រជាជន ដែលជាប់ខ្លួន និងអាចទទួលរងរបួស នៅក្នុងគ្រោះ​ទឹកជំនន់ និងបំណាក់ដី។

គួរបញ្ជាក់តាម​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុនអះអាងថា ភ្លៀងនឹងបន្ត​គំរាមកំហែង​បណ្តាខេត្ត​ភាគខាងកើត និងខាងលិច​ជប៉ុន​រហូតដល់ថ្ងៃអាទិត្យ​ចុងសប្តាហ៍នេះ ខណៈក្រុមសង្គ្រោះ​នៅតែបន្តការងាររបស់ខ្លួន ​​រហូតដល់ស្ថានការណ៍បានស្ងប់ស្ងាត់៕