(អ៊ីស្លាម៉ាបាដ)៖ អតីតនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក ណាវ៉ាស ហ្សារីហ្វ (Nawaz Sharif) បាននិយាយថា លោកបានតៀម​ខ្លួនរួចជាស្រេច ដើម្បី​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធនាគារ ១០ឆ្នាំ ដែលលោកផ្ទាល់​ចាត់ទុកថា ការធ្វើទុក្ខ​បុកម្នេញ​ដោយសារតែរូបលោក​ព្យាយាម​រំដោះប្រជាជនប៉ាគីស្ថាន​ ពីភាពជាទាសករ​​របស់ក្រុម​យោធា និងចៅក្រម​មួយចំនួន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។

លោក Nawaz Sharif​ ត្រូវបានតុលាការ​កាត់ទោសកំបាំងមុខ​ ដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទពុករលួយ និងពិន័យជា​ប្រាក់ ១៤.៤០លានដុល្លារ កាលពីថ្ងៃសុក្រ​ម្សិលមិញ។ ប៉ុន្តែមិនមានវត្តមាន​ក្នុងសវនាកា​នោះទេ ដោយលោកកំពុង​ស្ថិតនៅក្នុង​ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីមើលថែភរិយា​របស់លោក ដែលកំពុង​តស៊ូប្រយុទ្ធនឹង​ជំងឺមហារីក។

តែទោះជា​យ៉ាងនេះក្ដី អតីតនាយករដ្ឋ​មន្ត្រីរូបនេះ ដោយមិនបាន​កំណត់ពីពេលវេលា​ជាក់លាក់​បានអះអាងថា លោកនឹងត្រឡប់​ទៅកាន់ប្រទេស​ប៉ាគីស្ថានវិញ ក្នុងពេល​ឆាប់ៗនេះ ដើម្បីប្រឈមមុខ​នឹងការជាប់​ពន្ធនាគារ ១០ឆ្នាំ បន្ទាប់ពីភរិយា​របស់លោក​ មានភាពធូរស្រាល​ឡើង​វិញ។

គួរបញ្ជាក់ថា តុលាការទីក្រុង​អ៊ីស្លាម៉ាបាដ បានចោទប្រកាន់ថា លោក Nawaz Sharif​ មានជាប់ពាក់ព័ន្ធ​នឹងអំពើពុករលួយ​ ក្នុងការ​ទិញអាផាតមិនចំនួន ០៤ នៅឯទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ហើយផ្អែកលើសាល​ក្រមរបស់ខ្លួន តុលាការ​​បានបង្គាប់ឱ្យអាជ្ញាធរ រឹបអូសអាផាតមិនជាកម្មសិទ្ធិរបស់​លោក Sharif ដាក់ជា​សម្បត្តិរដ្ឋ។

លោក Sharif ត្រូវបានគេបោះ​ឆ្នោតទម្លាក់​ពីអំណាច កាលពី​ខែកក្កដា​ ឆ្នាំ២០១៧ ដោយសារ​អំពើពុករលួយ ដែលលោក​បានបដិសេធ និងថាវាជាការធ្វើទុក្ខ​បុកម្នេញខាង​នយោបាយ ប្រឆាំងនឹង​រូបលោកតែប៉ុណ្ណោះ៕