(បាងកក)៖ ស្ថាប័ន FIFA បានប្រកាសថាខ្លួននឹងអញ្ជើញយុវជនជាកីឡាករបាល់ទាត់ទាំង១២រូប ព្រមទាំងគ្រូបង្វិករបស់ពួកគេ ដែល​បាន​និង​កំពុង​ជាប់​​ខ្លួននៅក្នុងរូងភ្នំថាមលួង នៃខេត្តឈៀងរ៉ាយ ប្រទេសថៃនោះ ទៅទស្សនា​ការប្រកួតវគ្គចុងក្រោយនៃព្រឹត្តិការណ៍ World Cup 2018 នៅ​ឯ​ទីក្រុង​ម៉ូស្គូ ប្រទេសរុស្ស៊ី ប្រសិនបើពួកគេ​ត្រូវបានជួយសង្រ្គោះចេញមកខាងក្រៅវិញដោយជោគជ័យនា​ពេល​ឆាប់ៗ និង​មាន​កម្លាំង​​កាយ​​​​គ្រប់​គ្រាន់​​ឡើង​វិញ​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃ​សុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។

នាថ្ងៃសុក្រនេះ Page Facebook ផ្លូវការរបស់សមាគមបាល់ទាត់ថៃ បានបង្ហោះលិខិតមួយច្បាប់​ដែលផ្ញើមកពីប្រធាន FIFA លោក ហ្គីអាន់នី អ៊ីនហ្វាន់ទីណូ (Gianni Infantino) ជូនទៅកាន់លោក សំយ៉ុត ភូមផានមូង (Somyot Poompanmoung) ប្រធានសមាគម​​​បាល់​ទាត់នៃប្រទេសថៃ។

លោក Infantino បានសរសេរដូច្នេះថា «ដូចដែលយើងនិងមនុស្សគ្រប់គ្នាកំពុងសង្ឃឹម គឺថាប្រសិនបើមនុស្សទាំង១៣នាក់នោះ បាន​ទៅជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយសុខភាពរបស់ពួកគេមានសភាពមាំមួនឡើងវិញ ដែល​​អាច​ឲ្យពួកគេធ្វើដំណើរបាន FIFA ពិតជារីករាយជាខ្លាំង ក្នុងការអញ្ជើញពួកគេក្នុងនាមជាភ្ញៀវកិត្តិយស ដើម្បីចូលរួមទស្សនា​ការ​ប្រកួត​​វគ្គ​ចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅឯទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី»។

FIFA បានលើកឡើងទៀតថា ខ្លួនបានតាមដានយ៉ាងដិតគ្រប់ជំហាននូវព័ត៌មាន​ ទាក់ទិកនឹងប្រតិបត្តិជួយសង្រ្គោះ​ក្មេងប្រុសទាំង​១២​នាក់ ព្រមទាំងគ្រូបង្វិករបស់ពួកគេ ចាប់តាំងតែពីថ្ងៃទី២៣ ខែមិថុនា ដែលជាថ្ងៃពួកគេបាត់ខ្លួនមក ហើយ FIFA ក៏បាន​ឆ្លៀត​ឱកាស​ជូនពរដល់ជនរួមជាតិថៃទាំងអស់ ឲ្យប្រតិបត្តិការនេះប្រព្រឹត្តទៅដោយជោគជ័យឆាប់ៗផងដែរ ខណៈ​​ក្រុមសង្រ្គោះ កំពុងប្រឈមនឹង​បញ្ហាលំបាក ដើម្បីសម្រេចរកវិធីនាំយកពួកគេចេញពីរូងភ្នំមកវិញ។

គួរជម្រាបថា ការប្រកួតវគ្គចុងក្រោយដើម្បីដណ្តើមពាន World Cup នឹងប្រព្រឹត្តទៅទីក្រុងម៉ូស្គូ នៅយប់ថ្ងៃទី១៥ ខែកក្កដា គឺនៅថ្ងៃ​អាទិត្យសប្តាហ៍ក្រោយ៕