(តេហេរ៉ង់)៖ មេបញ្ជាការ​កងទ័ពអ៊ីរ៉ង់ លោក អ៊ីស្មែល កូវសារី (Ismail Kowsari) បានព្រមាន​ថា ប្រទេសរបស់លោក​នឹងមិនអនុញ្ញាតឱ្យនាវា​ដឹកប្រេង ណាមួយឆ្លង​កាត់ច្រកសមុទ្រ Hormuz ក្នុងឈូងសមុទ្រពែកជាដាច់ខាត បើសិន​ជា​សហរដ្ឋអាមេរិក​​ហ៊ានដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹង​ទីក្រុងតេហេរ៉ង់។ នេះបើ តាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។

លោក Kowsari បានបញ្ជាក់​ទៀតថា សហរដ្ឋអាមេរិក​បានដកខ្លួន ចេញពីកិចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​កាលពី​ឆ្នាំ២០១៥ តែមិនទាន់ស្កប់ស្កល់​ទៀត ហើយឥឡូវនេះ​បែរជាមកគំរាមដាក់ទណ្ឌកម្មថ្មី​បន្ថែមទៀត ដើម្បីបំផ្លាញសេដ្ឋកិច្ច​អ៊ីរ៉ង់​បន្ថែម តាមរយៈការរារាំង​ការលក់ប្រេង​របស់អ៊ីរ៉ង់​នៅលើទៅផ្សារ​ពិភពលោក។ មេបញ្ជាការរូបនេះ​បានបន្ថែម​ដូច្នេះថា «បើសិន​ជាពួកគេ (សហរដ្ឋ​អាមេរិក) ចង់បិទខ្ទប់ការ​នាំចេញប្រេង​របស់អ៊ីរ៉ង់ យើងបិទច្រក​សមុទ្រ Hormuz មិនឱ្យនាវាដឹកប្រេង​ណាមួយឆ្លងកាត់​បានជា​ដាច់ខាត»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ​អ្នកតំណាងអ៊ីរ៉ង់ប្រចាំ​អង្គការប្រទេសអ្នកចេញ​ប្រេង ឬ OPEC លោក ហ៊ូស្សេន កាហ្សិមភឺរ អាដេប៊ីលី (Hussein Kazempur Ardebili) ក៏បាន​ព្រមានដែរថា កិច្ចខិតខំប្រឹងប្រែងរបស់​ទីក្រុង​វ៉ាស៊ីនតោនក្នុងការបិទខ្ទប់​ការនាំចេញប្រេង​របស់អ៊ីរ៉ង់ នឹងជះឥទ្ធិពល​អវិជ្ជមាន ដល់ប្រជាជន​អាមេរិក រហូតដល់បង្ខំឱ្យ​ពួកគេ​តបស្នងនូវ​តម្លៃ​មួយយ៉ាងសាកសម ចំពោះគោល​នយោបាយរបស់ លោក ដូណាល់ ត្រាំ៕