(ស៊ីរី)៖ ក្រុមអង្គការឃ្លាំ​មើល​សិទ្ធិមនុស្ស​ស៊ីរីបាន​អះអាងថា ការវាយប្រហារ​តាមផ្លូវអាកាសរបស់កងកម្លាំង​ទ័ពអាកាស​រុស្ស៊ី ប្រឆាំងនឹងក្រុមឧទ្ទាម​ស៊ីរី នៅឯភាគនិរតី​នៃប្រទេស បានចាប់ផ្ដើមឡើងវិញ​តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ ក្រោយក្រុម​ឧទ្ទាមប្រកាសថា ការចរចា​ជាមួយទីក្រុងម៉ូស្គូបាន​បរាជ័យ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។

យោងតាមអង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្សស៊ីរី យន្ដហោះ​ចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់បែក​រាប់សិបគ្រាប់​ លើមូលដ្ឋាន​របស់ក្រុមឧទ្ទាម​ក្នុងទីក្រុង តាហ្វាស (Tafas) និងទីក្រុង សៃដា (Saida)។ ការវាយប្រហារនេះ​ទៀតសោត​ ដែលបាន​ផ្អាកកាលពីល្ងាច​ថ្ងៃសៅរ៍សប្ដាហ៍មុន បានធ្វើឡើង​ជាថ្មីឡើងវិញកាល​ពីថ្ងៃពុធ តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីក្រុមឧទ្ទាម​ស៊ីរីប្រកាសថា ការចរចាជា​មួយជាមួយរុស្ស៊ី​បានបរាជ័យ ខណៈ​កងកម្លាំងរដ្ឋាភិបាល​ស៊ីរី កំពុងវាយលុក​យ៉ាងសន្ធាប់​ ដោយដណ្ដើមទឹកដី​មួយផ្នែកធំពី​ក្រុម​ឧទ្ទាម។

គួរបញ្ជាក់ថា អង្គការ​សហប្រជាជាតិ កាលពីថ្ងៃចន្ទ​ក៏បានឱ្យដឹង​ដែរថា ក្នុងការវាយប្រយុទ្ធ​គ្នា អស់រយៈពេលច្រើន​ជាងពីរសប្ដាហ៍​មកនេះ រវាងក្រុមឧទ្ទាម និងកងកម្លាំង​រដ្ឋាភិបាល​ស៊ីរី ដែលមានជំនួយ​ពីរុស្ស៊ីបានផ្ដាច់យកជីវិត​មនុស្សច្រើន​ជាង ១៣០នាក់ និងបង្ខំ​ឱ្យមនុស្ស ២៧០,០០០នាក់ រត់ភៀសខ្លួន​ចេញពីផ្ទះសម្បែង​របស់ពួកគេ នៅឯភាគនិរតី​នៃប្រទេស៕