(អាមេរិក)៖ ប្រជាជនអាមេរិក​រាប់រយលាននាក់ កំពុងត្រៀមខ្លួនអប​អរសាទរទិវាជាតិ ០៤ កក្កដា ខួបលើកទី ២៤២ នៅក្នុងប្រទេស​របស់ពួកគេ ប៉ុន្តែតើអ្នកដឹងទេថាទិវា​នេះ គេប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីអ្វី ហើយ​តើអ្វីទៅជាថ្ងៃបុណ្យ​ឯករាជ្យនៅសហរដ្ឋអាមេរិក។ នេះបើ​តាមការដកស្រង់​ការផ្សាយចេញ​ពី​វែបសាយ Express នៅរសៀល​ថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។

ថ្ងៃបុណ្យឯករាជ្យ ឬក៏ទិវាជាតិ ០៤ កក្កដា គឺជាថ្ងៃឈប់​សម្រាកទូទាំង​សហរដ្ឋអាមេរិក ដើម្បីអបអរថ្ងៃប្រកាស​ឯករាជ្យ នៃមហាអំណាច​មួយនេះ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦។ កាលពីជាង ២៤០ឆ្នាំមុននេះ ក្រុមចំណុះ​អាមេរិកទាំង ១៣ បានប្រកាសខ្លួនជា​ប្រជាជាតិឯក​​រាជ្យ​មួយ​ហៅថា សហរដ្ឋអាមេរិក ដែលវា​មានន័យថា ក្រុមទាំងនោះ លែងស្ថិតក្រោម​នឹមអាណានិគម​ របស់ចក្រភពអង់គ្លេស​ទៀត​ហើយ។

ចាប់ពីពេល​នោះមក ជារៀងរាល់​ថ្ងៃទី០៤ ខែកក្កដា ពិធីអបអរសាទរ​ដែលភាគច្រើន​ តាមរយៈការបាញ់កាំជ្រួច ការដង្ហែរ​ព្យុហយាត្រា ការ​អាំង​សាច់​ដើម្បី​​ពិសាជួបជុំគ្នា និងការលែង​កីឡា Baseball ជាដើម ត្រូវបានប្រារព្ធ​ឡើងជាបន្ត បន្ទាប់។ អ្នកខ្លះទៀតក៏​​បាន​អបអរទិវា​​ដ៏វិសេស​វិសាលនេះ តាមរយៈការបង្កើត​​ព្រឹត្តិការណ៍​បែប​​សាធារណៈ និងឯកជន ដែលសាទរចំពោះប្រវត្តិសាស្រ្ត រដ្ឋាភិបាល និងប្រពៃណីរបស់ជាតិសាសន៍​អាមេរិកផងដែរ។

នាឱកាសនេះ អ្នកនយោបាយ​អាមេរិក ប្រហែលជាធ្វើការ​ថ្លែងសុន្ទរកថា នៅតាមព្រឹត្តិការណ៍ទាំងនេះ ដើម្បីបង្ហាញពីការគាំទ្រ​របស់ពួកគេ​ ចំពោះបេតិកភណ្ឌ និងប្រជាជននៃប្រទេស​របស់ពួកគេ។ សម្រាប់ពលរដ្ឋ​អាមេរិកវិញ ជារឿយៗតែង​ដោតទង់ជាតិ​អាមេរិក នៅខាងក្រៅ​ផ្ទះ​ ឬក៏អគាររបស់ពួកគេ។ ចំណែកឯរូបសំណាក​នៃស្រ្តីតំណាង​ឲ្យសេរីភាព (Statue of Liberty) វិញនោះ ក៏ជារូប​សំណាក​ជាតិមួយ ដែលទាក់​ទិនទៅនឹងថ្ងៃបុណ្យឯករាជ្យផងដែរ។

ទិវា ០៤ កក្កដា គឺជាបុណ្យឈប់​សម្រាប់ជាតិនៅសហរដ្ឋអាមេរិក ដូច្នេះហើយ ប្រសិនបើទិវា​នេះត្រូវចំថ្ងៃសៅរ៍ ការអបអរនឹងចាប់ផ្តើម​​នៅ​ថ្ងៃ​សុក្រ គឺថ្ងៃទី០៣ ខែកក្កដា ដែលអនុញ្ញាតឲ្យបុគ្គលិកឈប់សម្រាកបានមួយថ្ងៃមុន។ ប៉ុន្តែបើចំថ្ងៃអាទិត្យ ប្រជាជនអាមេរិក នឹងប្រារព្ធ​ព្រឹត្តិការណ៍អបអរសាទរនៅថ្ងៃចន្ទ ទី០៥វិញ។ សម្រាប់ឆ្នាំនេះ ទិវាឯករាជ្យអាមេរិក ត្រូវចំថ្ងៃពុធសប្តាហ៍នេះ។ សាលា និងអគាររដ្ឋាភិបាល​​​ព្រម​ទាំងអាជីវកម្ម​មួយចំនួន តែងតែបិទទ្វារ​ឈប់សម្រាក​នាថ្ងៃនេះ ដើម្បីបញ្ចៀសការ​កកស្ទះចរាចរណ៍​ក្នុងទិវានេះ។

នៅឆ្នាំ១៧៧៥ អ្នកដែលរស់នៅតំបន់ New England ភាគឦសានអាមេរិក បានចាប់ផ្តើមងើបតស៊ូប្រឆាំង​ ដើម្បីទាមទារឯករាជ្យ​ពីចក្រភព​អង់គ្លេស។ នៅមុនការមក​ដល់របស់ពួកអឺរ៉ុប ជនជាតិដើម​អាមេរិក​បានរស់នៅ និងជាម្ចាស់ស្រុក​ក្នុងប្រទេសនេះ ហើយកុលសម្ព័ន្ធ​នីមួយៗ​មានប្រជាជាតិ និងរដ្ឋាភិបាលដាច់ដោយ​ឡែករៀងៗ​ខ្លួន។

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៧៧៦ សភានៃក្រុម​ចំណុះអាមេរិកទាំង ១៣ បានបោះឆ្នោត​ជាសម្ងាត់​ ដើម្បីប្រកាសឯករាជ្យ​ពីចក្រភពអង់គ្លេស។ នៅប៉ុន្មាន​ថ្ងៃក្រោយមក ការកែសម្រួល​ចុងក្រោយនៃសេចក្តីប្រកាស​ឯករាជ្យនេះ ត្រូវបានអនុម័ត និងចេញផ្សាយជាសាធារណៈ។ ជុំវិញរឿង​នេះ លោក John Adams ដែលក្រោមមក បានក្លាយ​ជាប្រធានាធិបតី​ទីពីររបស់សហរដ្ឋអាមេរិក​ បន្ទាប់ពីលោក George Washington បាន​សរ​សេរ​លិខិត​​​មួយ​ច្បាប់ផ្ញើទៅកាន់​ភរិយា​របស់លោក គឺលោកស្រី Abigail នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៧៧៦ ដោយភ្ជាប់ជា​មួយការណែនាំ​អំពីរបៀបរៀបចំ​ការ​​​អបអរទិវានេះ ដែលរួមមាន​ដូចជា ការដង្ហែរ​ព្យុហយាត្រា ការលែងល្បែងនិងកីឡា និងការបាញ់កាំជ្រួចជាដើម។

គួរជម្រាបថា យ៉ាងណាមិញ​ពាក្យថា «ថ្ងៃបុណ្យឯករាជ្យ» ពុំត្រូវបានប្រើប្រាស់​ឡើយរហូតទាល់តែ​ដល់ឆ្នាំ១៧៩១៕