​(គូឡាឡាំពួរ)៖ «ខ្ញុំមិនមែនល្អឥតខ្ចោះនោះទេ, ខ្ញុំគ្រាន់តែជាមនុស្សម្នាក់តែប៉ុណ្ណោះ។ តែសូមជឿចុះថា ការចោទប្រកាន់មកលើរូបខ្ញុំ មិនមែនជាការពិតទាំងអស់»។ នេះគឺសម្ដីរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ដកស្រង់ដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។

លោក ណាជីប​ ធ្វើការកត់សម្គាល់​បែបនេះ នៅក្នុងវីដេអូមួយ​បង្ហោះនៅលើ Twitter និង Facebook​ ផ្ទាល់ខ្លួនរបស់​លោក បន្ទាប់ពី​ត្រូវបានប៉ូលិសចាប់​ខ្លួននៅក្នុងផ្ទះ កាលពីរសៀល​ថ្ងៃអង្គារម្សិលមិញ។​ នៅក្នុងវីដេអូនេះ លោក ណាជីប ក៏បានរំលឹក​ប្រជាជន ម៉ាឡេស៊ី ផងដែរថា លោកមិនមាន​ឱកាសការពារ​ខ្លួនឯងឡើយ ហើយក៏មិនមានភស្ដុតាង​ពិតប្រាកដ ​ដាក់បន្ទុកលើរូបលោក​ដែរ។

អត្ថន័យដែឡអតីតនាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើង​នោះគឺ «ប្រជាជន​ម៉ាឡេស៊ីជា​ទីស្រឡាញ់ បើសិនជាអ្នកកំពុង​ស្ដាប់សារនេះ ខ្ញុំចង់ប្រាប់ថា មានបណ្ដឹង​ជាច្រើនត្រូវបានគេរៀបចំឡើងប្រឆាំងនឹងរូបខ្ញុំ ជាមួយព័ត៌មាន និងរូបភាពក្លែងក្លាយ​ជាច្រើនក្នុងន័យមួល​បង្កាច់រូបខ្ញុំ។ ដូច្នេះទុកឱ្យ​ការស៊ើបអង្កេត​ដំណើរការចុះ ខ្ញុំគ្មានឱកាស​ការពារខ្លួន​ឯងឡើយ»

គួរជម្រាបថា តុលាការម៉ាឡេស៊ី​នៅថ្ងៃពុធនេះ បានចោទប្រកាន់​​អតីតនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ពីបទល្មើស​​ចំនួនបីករណីនៃការរំលោភ​លើសេចក្ដីទុកចិត្ត​ពាក់ព័ន្ធនឹងមូលនិធិ​ជាង ១០លានដុល្លារ ដែលគេបង្វិល​ចូលគណនីរបស់លោក។

មួយវិញទៀត ក្នុងចំណោម​បទចោទទាំងបីនេះ មានមួយជាបទ​ចោទរំលោភអំណាច ក្នុងសំណុំរឿង​ពុក​រលួយមូលនិធិរដ្ឋ 1MDB ដែលលោក​ផ្ទាល់​ជាអ្នកបង្កើត ហើយផ្អែកលើ​ការចោទប្រកាន់នេះ​ អាចឱ្យលោកប្រឈមមុខ​ជាប់ពន្ធនាគារ ០២ឆ្នាំ ឬរហូតដល់ ២០ឆ្នាំ ក៏ថាបាន បើសិន​ជាគេរកឃើញ​ថា លោកបានប្រព្រឹត្ត​ខុសដូចការចោទ​ប្រកាន់​មែន​នោះ៕