(អេក្វាឌ័រ)៖​ តុលាការ​អេក្វាឌ័រ​នៅថ្ងៃអង្គារ​សប្ដាហ៍នេះ (ម៉ោងនៅ​ក្នុងតំបន់) បានចេញដីកា​ឃាត់ខ្លួនអតីតប្រធានាធិបតី​លោក រ៉ាហ្វាអែល ខូរៀ (Rafael Correa) ដែលកំពុងរស់នៅជ្រកកោន​ក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ពីបទមានជាប់ពាក់ព័ន្ធ​នឹងការចាប់ពង្រត់​ គូប្រជែងរបស់ខ្លួនម្នាក់នៅក្នុងប្រទេស​កូឡុំប៊ី។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។

លោក Correa ដែលធ្លាប់កាន់ដំណែង​ជា​ប្រធានាធិបតីអេក្វាឌ័រ​ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧ ហើយបច្ចុប្បន្ន​​លោកកំពុងរស់​​នៅក្នុង ទីក្រុងព្រុចសែល​ប្រទេស​ប៊ែលហ្សិក ដែលជាប្រទេស​កំណើតភរិយា​របស់លោក កំពុងស្ថិត​នៅក្រោមការស៊ើប​អង្កេត ទាក់ទិន​នឹងការចាប់ពង្រត់​អតីតសមាជិកសភា​ម្នាក់ លោក ហ្វែរណាន់ដូ បាលដា (Fernando Balda) កាលពីឆ្នាំ២០១២។

ម្យ៉ាងវិញទៀត​ការចេញដីកា​ចាប់ខ្លួន និងជូន​ដំណឹងដល់​ប៉ូលិសអាំងទែប៉ូល (Interpol) របស់តុលាការអេក្វាឌ័រ​នៅពេលនេះ ធ្វើឡើងមួយខែ​បន្ទាប់ពីតុលាការ​ធ្លាប់បានបញ្ជា​ឱ្យលោក Correa បង្ហាញខ្លួន​ក្នុងសវនាការរៀងរាល់ពីរ​សប្ដាហ៍ម្ដង ដើម្បីចូលរួម​ក្នុងការស៊ើប​អង្កេត។

គួរបញ្ជាក់ថា ប៉ូលិស​សម្ងាត់អេក្វាឌ័របីនាក់ ដែលមានជាប់​ក្នុងករណីនេះ ក៏ត្រូវ​បាន​បង្គាប់​ឱ្យចាប់ខ្លួន​ផងដែរ ខណៈអតីត​មេបញ្ជាការ​ប៉ូលិសម្នាក់ និងអតីតទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់កំពូលម្នាក់ ក៏ត្រូវបាន​ចាប់ខ្លួន​ផងដែរ​កាលពីខែមុន ក្នុងប្រទេស​អេស្ប៉ាញ។ ប៉ុន្តែ​លោក ខូរៀ (Correa) ច្រានចោលរាល់​ការចោទ​ប្រកាន់ ហើយថា លោកមិនបានដឹងអ្វី​ទាំងអស់ថា អ្នកទាំងនេះមាន​ជាប់ពាក់ព័ន្ធ​នឹងរូប លោក ឬក៏ជាមួយអ្នកដទៃ៕