(គូឡាឡាំពួ)៖ នៅទីបំផុត​អតីតនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ត្រូវបាន​តុលាការចោទ​ប្រកាន់ជាផ្លូវការហើយ ពីបទល្មើស​ចំនួនបីករណី​ពាក់ព័ន្ធនឹងការរំលោភ​លើសេចក្ដីទុកចិត្ត នៅក្នុងការស៊ើប​អង្កេតមួយ​ លើសំណុំរឿងពុក​រលួយមូលនិធិរដ្ឋ 1MDB។ នេះបើតាម​​ការចេញផ្សាយ​​ដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។

លោក ណាជីប មានអាយុ ៦៤ឆ្នាំ​ ត្រូវបានប៉ូលិសចាប់​ខ្លួនកាលពីរសៀល​ថ្ងៃអង្គារ នៅឯផ្ទះរបស់​លោក​តែជាងពីរខែប៉ុណ្ណោះ បន្ទាប់​ពីលោកចាញ់ក្នុងការ​បោះឆ្នោត និងរដ្ឋាភិបាលថ្មី​របស់លោក មហាធៀ មហំាម៉ាត់ បើកការស៊ើបអង្កេត​លើករណីពុករលួយ​មូលនិធិរដ្ឋ 1MDB ដែលលោក​ផ្ទាល់ជាអ្នក​បង្កើត។ លោក ណាជីប បានទៅ​ដល់តុលាការ​ក្នុងទីក្រុងគូឡាឡាំពួនៅម៉ោង ០៨៖២០នាទី ព្រឹកមិញនេះ (ម៉ោងនៅ​ម៉ាឡេស៊ី) ក្រោយជាប់​ឃុំអស់​មួយយប់។

បន្ថែមពីលើនេះ ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក​បានឱ្យដឹង​ទៀតថា លោក ណាជីប ត្រូវបានគេរំពឹងថា នឹងប្រឈមមុខ​នឹងការចោទ​ប្រកាន់ជា​ច្រើនករណីទៀត ពាក់ព័ន្ធនឹងអំពើ​ពុករលួយ ក្នុងនោះរួមមាន​ទាំងមូលនិធិរដ្ឋជាង ១០.៦លានដុលារ ដែល​ត្រូវគេផ្ទេរ​ចូលគណនី ធនាគារផ្ទាល់ខ្លួន​របស់លោក។ ក៏ប៉ុន្តែ​អតីតនាយករដ្ឋ​មន្ត្រីរូបនេះ បានទាត់ចោល​រាល់ការចោទ​ប្រកាន់ ហើយថា​លោកមិនបានដឹង ឡើយថាលុយទាំងនេះ​រត់ចូលក្នុងគណនីធនាគារ​របស់លោក ពីពេលណា ឬដោយវិធីណានោះទេ៕