(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif និងរដ្ឋមន្ត្រីការបរទេស នៃប្រទេសជាមហាអំណាចទាំង៥ ដែលនៅតែជាភាគីក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ នឹងត្រូវជួបគ្នាក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស នៅថ្ងៃសុក្រ សប្ដាហ៍នេះ ដើម្បីរកមធ្យោបាយការពារកិច្ចព្រមព្រៀងនេះ។ នេះបើតាម IRNA ដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។

សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA នៅថ្ងៃអង្គារនេះ បានឱ្យដឹងដូច្នេះថា៖«នៅក្នុងជំនួបដែលធ្វើឡើងតាមសំណើរបស់អ៊ីរ៉ង់ លោករដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសមហាអំណាចទាំង៥ នឹងពិភាក្សាគ្នាលើសំណើរបស់សហភាពអឺរ៉ុប និងវិធានការ ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់»។

គួរបញ្ជាក់ថា ជំនួបនៅថ្ងៃសុក្រសប្ដាហ៍នេះ គឺជាជំនួបលើកដំបូងបំផុតរវាងអ៊ីរ៉ង់ និងមហាអំណាចទាំង៥ (អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី) បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥៕