(ដាម៉ាស់)៖ ក្រសួងការបរទេសស៊ីរី នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យប្រជាជនស៊ីរីទាំងអស់ត្រឡប់មកកាន់ស្រុកកំណើតវិញ ក្រោយ ទឹកដីមួយផ្នែកធំត្រូវបានរំដោះពីកណ្ដាប់ដៃពួកភេរវករ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសស៊ីរី បានគូសបញ្ជាក់ដូច្នេះថា៖«បន្ទាប់ពី បានរំដោះទឹកដីមួយផ្នែកធំពី
កណ្ដាប់ដៃពួកភេរវករ រដ្ឋាភិបាលស៊ីរីសូមអំពាវនាវឱ្យប្រជាជនស៊ីរី ដែលភៀសខ្លួនចេញទៅក្រៅប្រទេសដោយសារតែសង្រ្គាម និងសកម្មភាពរបស់ពួកភេរវករ ត្រឡប់មកស្រុកកំណើត និងផ្ទះសម្បែងវិញ»។

សូមជម្រាបថា ក្រៅតែពីអំពាវនាវឱ្យប្រជាជនត្រឡប់មកប្រទេសវិញ រដ្ឋាភិបាស៊ីរី ក៏បានធានាផងដែរថានឹងការពារសុវត្ថិភាព និងសន្តិសុខជូនប្រជាជនរបស់ខ្លួន។ ប៉ុន្តែ ការអំពាវនេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអង្គការសហប្រជាជាតិ កាលពី ថ្ងៃចន្ទនេះ បានអះអាងថាជនស៊ីវិលច្រើនជាង១៣០នាក់ មនុស្សយ៉ាងហោចណាស់បានស្លាប់ និង២៧០,០០០នាក់ផ្សេងទៀត  បានភៀសខ្លួនចេញពីផ្ទះ សម្បែងរបស់ពួកគេនៅឯភាគនិរតីប្រទេសស៊ីរី ចាប់តាំងពីកងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់ បើកការវាយលុកលើតំបន់គ្រប់គ្រង ដោយក្រុមឧទ្ទាមស៊ីរីជាងពីរសប្ដាហ៍មកនេះ៕

ក្នុងចំណោមជនភៀសខ្លួនខាងលើភាគច្រើនបានរត់ភៀសខ្លួនចេញពីខេត្ត Deraa និងខេត្ត Quneitra ឆ្ពោះទៅកាន់តំបន់ព្រំដែន ជាប់ជាមួយប្រទេសហ្ស៊កដានី និងតំបន់ Golan Heights គ្រប់គ្រងដោយប្រទេសអ៊ីស្រាអែល។ ប៉ុន្តែ ប្រទេសទាំងពីរនេះមិនទាន់ បានបង្ហាញពីការស្វាគមន៍ដល់ពួកគេនៅឡើយទេ ខណៈមានការព្រួយបារម្ភថាវិបត្តិមនុស្សជាតិនឹងផ្ទុះឡើងជាថ្មី៕