(បាងកក)៖ សុបិន្តអាក្រក់​របស់អ្នកទាំង ១៣នាក់ ដែលត្រូវបាន​គេរកឃើញថា នៅមានអាយុជីវិត ក្រោយជាប់ក្នុងរូង​ភ្នំថាំលួង​អស់ជាង ១០ថ្ងៃមកនេះ មិនទាន់​បញ្ចប់​ឡើយ ខណៈក្រុមអ្នកជួយសង្រ្គោះថៃ បាននិងកំពុង​ពន្លឿនការបូមទឹក​ចេញពីរូងភ្នំ នៅ​ថ្ងៃអង្គារនេះ ក្រោយការព្យាករណ៍ឧតុនិយមបានព្រមានថា នឹងមានភ្លៀង​ធ្លាក់ខ្លាំងបន្ថែមនៅតំបន់​នោះ ដែលអាចនឹងបង្កភាព​ស្មុគស្មាញ​បន្ថែម ដល់កិច្ចខិតខំ​ប្រឹងប្រែង​ជួយយកអ្នក​ទាំងនេះចេញមក​ខាងក្រៅ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។

ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួក​គេម្នាក់ ត្រូវបានក្រុមអ្នក​ជំនាញខាងមុជទឹក មកពីចក្រភពអង់គ្លេសចំនួនពីរនាក់ រកឃើញថានៅមានជីវិត នៅឡើយកាលពីថ្ងៃចន្ទ នៅម៉ោងប្រមាណ ១០៖២៥នាទីយប់ ដោយស្ថិត​នៅចំងាយ​ប្រហែល ០៤គីឡូម៉ែត្រ​ពីមាត់រូងភ្នំ។ ដូច្នេះហើយ ទើបក្រុម​ជំនាញថៃ និងអន្តរជាតិ ដែលកំពុងបំពេញ​ប្រតិបត្តិការ​នៅឡើយ​នៅតំបន់រូងភ្នំ​ថាំលួង ស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ ភាគខាងជើង​​ប្រទេសថៃ​នោះ ​បាន​វាយតម្លៃថា យ៉ាងហោច​ណាស់ គេត្រូវប្រើរយៈពេលជា​ច្រើនថ្ងៃ ឬឈាន​ចូលសប្តាហ៍​ផងដែរ ទើបអាចយកជនរងគ្រោះទាំង ១៣នាក់ ចេញពីរូងភ្នំ​នេះបាន។

បន្ថែមពីនេះទៀត ក្រុមជំនាញត្រូវបង្ហាត់ពួកគេទាំង ១៣នាក់ ពីរបៀប​មុជទឹក និងប្រើប្រាស់បរិក្ខា​មុជទឹកជាមុនសិន ខណៈស្បៀងអាហារ បំពង់អុកស៊ីហ្សែន និងថ្នាំពេទ្យកំពុង​ត្រូវបានក្រុមសង្គ្រោះផ្សេងទៀត ព្យាយាម​បញ្ជូន​ទៅខាង​ក្នុងរូងភ្នំ។ ​

គួរជម្រាបថា ជុំវិញការបូមទឹកចេញពីរ៉ូងភ្នំថាំលួង​នេះដែរ អាជ្ញាធរថៃ បានអះអាងថាផ្ទៃដីស្រែចំការ ១៤,០០០ រ៉ៃ (១រ៉ៃ​ = ១៦០​ ម៉ែតក្រឡា) ស្ថិតនៅ​ជុំវិញ ត្រូវបាន​ទឹកជន់លិច​​ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកដែលត្រូវបានបូមចេញពីរូងភ្នំ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបញ្ជាក់ទៀតថា ផលប៉ះពាល់មាន ០៩ភាគរយ នៃដីស្រែចំការសរុប​ក្នុងតំបន់ចំនួន​ដីដូចជា ស្រីមួងជុំ (Sri Muang Chum), ផុងផា (Pong Pha) និង បានដៃ (Ban Dai) ស្ថិតនៅក្នុងស្រុក ម៉ៃសៃ (Mae Sai) នៃខេត្តឈៀងរ៉ាយ។

លើសពីនេះទៅទៀត បើតាមអគ្គនាយកដ្ឋាន​នៃក្រសួងកសិកម្មថៃ លោក ស៊ុមឆៃ ឆានណារុងគុល (Somchai Charnnarongkul) កសិករនៅក្នុងតំបន់​ប៉ះពាល់ទាំង​បីនេះ អាចនឹងទទួល​សំណង ១,១១៣ បាត (១ដុល្លារ = ៣៣បាត) ក្នុងមួយរ៉ៃជាមួយសំណង អតិបរមា ៣០ រ៉ៃ​ ក្នុងមួយគ្រួសារ៕