​(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា ផ្ទៃដីស្រែចំការ ១៤,០០០ រ៉ៃ (១រ៉ៃ​ = ១៦០​ ម៉ែតក្រឡា) ស្ថិតនៅ​ជុំវិញរូងភ្នំ ថាំលួង (Tham Luang)​ ត្រូវបាន​ទឹកជន់លិច​ដោយសារ តែភ្លៀងធ្លាក់ខ្លាំង និងទឹកដែលត្រូវបានបូមចេញពីរូងភ្នំ ជាទីដែលក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹក​បាល់ទាល់របស់ពួកគេ​ម្នាក់ ត្រូវបានគេរកឃើញ​ថា នៅនៅមានជីវិត ក្រោយបាត់​ខ្លួនអស់ជាង ០៩ថ្ងៃ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមមន្ត្រីមកពី​ក្រសួងកសិកម្ម​ថៃ ត្រូវបានបញ្ជូនទៅ​កាន់ខេត្តឈៀងរ៉ាយហើយ ដើម្បីវាយតម្លៃ​ពីទំហំខូចខាត ខណៈផ្ទៃដីស្រែចំការ ១៤,០០០ រ៉ៃ ជាកម្មសិទ្ធិរបស់​កសិករ ១០១នាក់ ត្រូវបានជន់លិច​ដោយសារតែភ្លៀង​ធ្លាក់ខ្លាំង និងទឹកដែលត្រូវ​បានបូមចេញពី​រូងភ្នំ Tham Luang។

ចំណែកឯ ផលប៉ះពាល់មាន ៩ភាគរយ នៃដីស្រែចំការសរុប​ក្នុងតំបន់ចំនួន​ដីដូចជា ស្រីមួងជុំ (Sri Muang Chum), ផុងផា (Pong Pha) និង បានដៃ (Ban Dai) ស្ថិតនៅក្នុងស្រុក ម៉ៃសៃ (Mae Sai) នៃខេត្តឈៀងរ៉ាយ។ លើសពីនេះទៅទៀត អគ្គនាយកដ្ឋាន​នៃក្រសួងកសិកម្មថៃ លោក ស៊ុមឆៃ ឆានណារុងគុល (Somchai Charnnarongkul) ក៏បានអះអាង​ដែរថា កសិករនៅក្នុងតំបន់​ប៉ះពាល់ទាំង​បីនេះ អាចនឹងទទួល​សំណង ១,១១៣ បាត (១ដុល្លារ = ៣៣បាត) ក្នុងមួយរ៉ៃ ​ជាមួយសំណងអតិបរមា ៣០ រ៉ៃ​ ក្នុងមួយគ្រួសារ។

គួរបញ្ជាក់​ថា ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួក​គេម្នាក់ ត្រូវ​បានក្រុម​សង្គ្រោះ​រកឃើញហើយនៅម៉ោងប្រមាណ ១០៖២៥ នាទីយប់ ដោយពួកគេ​នៅមានជីវិតទាំងអស់។ ប៉ុន្តែតាមក្រុមជំនាញថៃ និងអន្តរជាតិដែលកំពុងបំពេញប្រតិបត្តិការ នៅឡើយ​នៅតំបន់រូងភ្នំថាំលួង ស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ ភាគខាងជើង​ប្រទេសថៃ​នោះ​បានវាយតម្លៃថា យ៉ាងហោចណាស់ ត្រូវប្រើរយៈពេលជាច្រើនថ្ងៃ ឬឈាន​ចូលសប្តាហ៍​ផងដែរ ទើបអាចយក​​ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួកគេម្នាក់ ចេញពីរូងភ្នំ​នេះបាន៕​