(បាងកក)៖ បើតាមក្រុមជំនាញថៃ និងអន្តរជាតិ ដែលកំពុងបំពេញប្រតិបត្តិការនៅឡើយ​នៅតំបន់រូងភ្នំថាំលួង ស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃនោះ យ៉ាងហោចណាស់ក៏ត្រូវប្រើរយៈពេលជាច្រើនថ្ងៃ ឬឈាន​ចូលសប្តាហ៍​ផងដែរ ទើបអាចយក​​ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួកគេម្នាក់ ចេញពីរូងភ្នំ​នេះបាន។ នេះបើតាម​ការ​ចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។

ក្មេងទាំង ១២នាក់ នោះមានអាយុចន្លោះពី ១១ឆ្នាំ ទៅ ១៦ឆ្នាំ និងគ្រូបង្វឹក​ពួកគេមានអាយុ ២៥ឆ្នាំ បានរងអការៈហេវហត់​អស់កម្លាំង ដោយសារតែបានជាប់ខ្លួនក្នុងរូងភ្នំ គ្មាន​ចំណីអាហារ និងរស់នៅក្នុងបរិស្ថាន​មិនល្អអស់រយៈកាល ០៩ថ្ងៃ ហើយទោះបី​​ជាក្រុមសង្គ្រោះ​​បាន​រកឃើញពួកគេ​ក៏ដោយ ក៏ក្រុមសង្គ្រោះ​ត្រូវធ្វើការ​បំប៉នសុខភាព​ពួកគេ​​សិន និងហ្វឹកហាត់​ពួកគេឲ្យ​ចេះពីវិធី​មុជទឹក (ពាក់អាវអុកស៊ីសែន និងបរិក្ខាមុជទឹកនានា) ទើបអាចយកចេញពីរូងភ្នំ ថាំលួង នោះបានជោគជ័យ ដែលគេប៉ាន់ស្មានថា យ៉ាងហោចណាស់​ក៏ត្រូវប្រើពេល ឈាន​ចូលដល់សប្តាហ៍​ផងដែរ។

គួរបញ្ជាក់ថា សារព័ត៌មានផ្លូវការ​របស់រដ្ឋថៃបានចេញផ្សាយថា ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួកគេម្នាក់ ត្រូវបាន​ក្រុមសង្គ្រោះ​ជនជាតិអង់គ្លេស ​រកឃើញកាលពីវេលាម៉ោងប្រមាណ ១០៖២៥នាទីយប់ថ្ងៃអង្គារ ដោយពួកគេ​នៅមាន​ជីវិតទាំងអស់​ ប៉ុន្តែស្ថិតនៅ​ក្នុងស្ថានភាព​ហេវហត់បំផុត ស្ទើរតែបើកភ្នែក​មិនរួច​ឡើយ។ ក្រុមសង្គ្រោះថៃ ក្រុមគ្រួសារជន​រងគ្រោះ និងមន្ត្រីរដ្ឋាភិបាល​ព្រមទាំងប្រជាជនថៃ​ទាំងអស់ ដែលស្ថិតនៅតំបន់រូងភ្នំ​បានចែកចាយព័ត៌មាន​ដ៏រីករាយ​នេះ និងបាន Live ជាវីដេអូ​ទាំងយប់ជ្រៅ ទៅដល់មហាជនទូទៅផងដែរ៕