(ឡុងដ៍)៖ ក្រុមរដ្ឋមន្ត្រីអង់គ្លេស​ជាច្រើននាក់ បានចូលរួមក្នុង​កិច្ចប្រជុំជាសម្ងាត់មួយ ដើម្បីពិភាក្សាគ្នា​ជុំវិញការរៀបចំកម្មវិធី និងផែន ការនានា នៅពេលការចូល​ទិវង្គតរបស់​ព្រះមហាក្សត្រី អេលីហ្សាប៊ែត (Elisabeth) ទី២។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានអង់គ្លេស The Times នៅរសៀលថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម The Times កិច្ចប្រជុំជាសម្ងាត់​ខាងលើ ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន និងផ្ដោតសំខាន់​លើការរៀប​ចំផែនការ​សម្រាប់ការចូលទិវង្គត​របស់ព្រះមហាក្សត្រីយ៍ Elisabeth ទី ២ ដែលមានព្រះជន្មាយុ ៩២ព្រះវស្សា ទៅហើយនោះ​នៅពេលអនាគត។​ បន្ថែមពីលើនេះ The Times បានបញ្ជាក់​ទៀតថា លោក ដេវីដ ឡៃឌីងថុន (David Lidington) ជាមនុស្ស​ជំនិត​ម្នាក់របស់​​នាយករដ្ឋមន្ត្រី លោកស្រី ថេរ៉សា ម៉ាយ (Theresa May) គឺជាប្រធានដឹកនាំ​កិច្ចប្រជុំនេះ​ ដែលមានការ​ចូលរួមផងដែរ​ពីរដ្ឋមន្ត្រី​មហាផ្ទៃ លោក សាជីដ ហ្សាវីដ (Sajid Javid) ជាដើម។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន​អង់គ្លេស The Times កិច្ចប្រជុំខាងលើ​ក៏បានផ្ដោតសំខាន់​ លើផែនការសកម្មភាព​ក្រោយការចូល​ទិវង្គត​នៃម្ចាស់ក្សត្រីយ៍ Elisabeth ទី០២ ក្នុងនោះរួមមានទាំង​ការកាន់ទុក្ខរយៈពេល ១០ថ្ងៃ និងការធ្វើ​សេចក្ដី​ថ្លែងការណ៍ ប្រកាសពីការចូលទិវង្គត​ជាសាធារណៈ​ផងដែរ៕