(បាងកក)៖ ក្រុមអ្នកមុជ​ទឹកថៃ ដែលកំពុងតាមស្វែងរក​មនុស្សទាំង ១៣នាក់ ដែលបានបាត់ខ្លួន​នៅក្នុងរូងភ្នំមួយស្ថិត នៅភាគខាងជើងប្រទេសថៃ អស់រយៈពេល​ឈានដល់ថ្ងៃទី ៩ នេះ​បានចូលកាន់​តែជិតដល់កន្លែងដែលអ្នកបាត់ខ្លួនទំាងនោះ​ស្ថិតនៅ​ហើយ ដោយកាលពីពេលថ្ងៃត្រង់ ​ថ្ងៃចន្ទនេះ​មាន​ការអះអាងថា សល់រយៈ​ចម្ងាយ​ត្រឹមតែ ១គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ ដែលជាក្តី​សង្ឃឹមចុងក្រោយ​ក្នុងការប្រតិបត្តិការរុករក​ជាលក្ខណៈ​អន្តរជាតិ​នេះ។ នេះបើ​តាម​ការ​ចេញផ្សាយ​ដោយ​​សារព័ត៌មាន BBC នៅរសៀល​ថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

កាលពីព្រឹកថ្ងៃចន្ទនេះ បើតាមការ​ឲ្យដឹងតាមរយៈទំព័រ Facebook របស់កងកម្លាំងជើង​ទឹកថៃ ក្រុមអាជ្ញាធរថៃ​បានចាប់ផ្តើម​បញ្ចូលខ្យល់ ដាក់ក្នុង​បំពង់ផ្គត់ផ្គង់​អុក​ស៊ីសែន​ចំនួន ៣៥១បំពង់ថ្មី ដែលត្រូវបានបញ្ជូន​ទៅកាន់​ទីនោះ ដោយមានការ​ជួយពីមហាជន​ថៃទាំងឡាយ។ ដោយបូកជា​មួយបំពង់អុកស៊ីសែន​​​​ចំនួន ​៤១៥បំពង់ ដែលមានស្រាប់ បំពង់អុកស៊ីសែន​សរុបទាំង​អស់ ៧៦៦បំពង់ នឹងត្រូវបានបំពេញខ្យល់ ហើយកិច្ចការនេះ​នឹងត្រូវចំណាយពេល ១២ម៉ោង។​

បំពង់អុកសែន​ទាំងនេះ ត្រូវបានបញ្ជូល​ទៅកាន់កំណាត់​ល្អាង​ទីបី នៃរូងភ្នំដ៏ជ្រៅខាងលើនេះ ដើម្បីឲ្យ​ក្រុម​អ្នកជំនាញមុជ​ទឹក​ប្រើប្រាស់ នៅក្នុងកិច្ចខិតខំ​ប្រឹង​ប្រែង​របស់ពួកគេ ដើម្បីធ្វើដំណើរ​ទៅដល់ច្រកបំណែកមួយ ដែលជាកន្លែង​ក្មេង​ៗ​​ទាំង​ ១២នាក់ ព្រមទាំង​គ្រូបង្វិកបាល់​ទាត់របស់ពួកគេម្នាក់ ដែលត្រូវគេជឿជាក់ថា បានជាប់គាំងនៅទីនោះ។

គួរបញ្ជាក់ថា ក្មេងជំទង់ៗ ១២នាក់ ដែលជាក្រុមកីឡាករ​បាល់ទាត់​មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់​​របស់ពួកគេម្នាក់​​ បានបាត់ខ្លួន​ទៅ​តាំងតែ​ពីថ្ងៃសៅរ៍​​សប្តាហ៍ទី២៣ ខែមិថុនាមកម្ល៉េះ រីឯក្រុមអ្នកជួយ​​សង្រ្គោះ​ជឿជាក់ថា អ្នកទាំងនេះកំពុង​ជាប់​ខ្លួនកាន់តែជ្រៅនៅក្នុងរូងភ្នំ​ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើង​​នៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូងភ្នំ វែងជាង​គេបំផុតទី០៤ របស់ថៃ ដោយសារតែភ្លៀងធ្លាក់កាន់តែខ្លាំង ហើយពួកគេ​ព្យាយាមគេចចេញ​ពីទឹកជំនន់​ក្នុងរូង ដើម្បីស្វែងរកច្រក​ចេញផ្សេង។

ក្មេងទាំងនោះមានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ​ ហើយគ្រូបង្វឹកបាល់ទាត់​របស់ពួកគេមាន​ អាយុ២៥ឆ្នាំត្រូវបានគេរាយការណ៍ថា មិនអាចចាក​ចេញពីរូងភ្នំនេះបាន​ឡើយ នៅមុនពេលមាន​ទឹកជន់លិចដោយសារតែភ្លៀង។ ម្យ៉ាងវិញទៀត បើតាមប្រវត្តិនៃរូបភាព​របស់ក្រុមក្មេងៗកីឡាករទាំងនោះ គឺពួកគេធ្លាប់​ទៅកាន់​ទីនោះកាលពីចុងឆ្នាំ២០១៦ ផងដែរ។

ដោយឡែក ក្រុមអ្នកជួយសង្រ្គោះថៃ ដោយមានជំនួយពីក្រុមអ្នកជំនាញអាមេរិក អង់គ្លេស ចិន ជប៉ុន ឡាវ ភូមា ព្រមទាំងប្រទេស​ដទៃទៀតនៅក្នុងតំបន់ បានអះអាងនៅថ្ងៃចន្ទនេះថា ពួកគេកំពុងស្ថិតនៅ​ទីតាំងដែលនៅចំងាយ​ជាង ១គីឡូម៉ែត្រប៉ុណ្ណោះ ពីទីតាំងដែលគេ​ជឿជាក់ថា ក្មេងៗប្រុសទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់​របស់ពួកគេ​កំពុងស្ថិត​នៅ៕