(បាងកក)៖ ស​ម្រាប់ស្ថានការណ៍​វិវឌ្ឍន៍ នៃប្រតិបត្តិការរុករក​មនុស្សទាំង ១៣នាក់ នៅភាគខាង​ជើង​ប្រទេសថៃ ក្រុមអាជ្ញាធរថៃ​បាននិងកំពុង​បញ្ចូលខ្យល់​ដាក់ក្នុងបំពង់​អុកស៊ីសែន​ប្រមាណ ៧៦៦បំពង់ ហើយ ចាប់តាំងតែ​ពីយប់​ថ្ងៃអាទិត្យមក ដើម្បីបញ្ជូនពួក​វា​ទៅកាន់ល្អាង​ទីបី​នៃ​រូងភ្នំ ថាំលួង (Tham Luang) ក្នុងស្រុកម៉ៃសៃ នៃខេត្តឈៀងរ៉ាយ សម្រាប់ឲ្យ​ក្រុមអ្នកមុជទឹក​ប្រើប្រាស់។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មានថៃ The Nation នៅ​ព្រឹក​​ថ្ងៃ​ចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

បើតាមការ​ឲ្យដឹងតាមរយៈទំព័រ Facebook របស់កងកម្លាំងជើង​ទឹកថៃ ក្រុមអាជ្ញាធរថៃ​បានចាប់ផ្តើម​បញ្ចូលខ្យល់ ដាក់ក្នុង​បំពង់ផ្គត់ផ្គង់​អុក​ស៊ីសែន​ចំនួន ៣៥១បំពង់ថ្មី ដែលត្រូវបានបញ្ជូន​ទៅកាន់​ទីនោះ ដោយមានការ​ជួយពីមហាជន​ថៃទាំងឡាយ។ ដោយបូកជា​មួយបំពង់អុកស៊ីសែន​​​​ចំនួន ​៤១៥បំពង់ ដែលមានស្រាប់ បំពង់អុកស៊ីសែន​សរុបទាំង​អស់ ៧៦៦បំពង់ នឹងត្រូវបានបំពេញខ្យល់ ហើយកិច្ចការនេះ​នឹងត្រូវចំណាយពេល ១២ម៉ោង។​

គួរជម្រាបថា បំពង់អុកសែន​ទាំងនេះ ក្រោយមកទៀត​នឹងត្រូវបានបញ្ជូល​ទៅកាន់កំណាត់​ល្អាង​ទីបី នៃរូងភ្នំដ៏ជ្រៅខាងលើនេះ ដើម្បីឲ្យ​ក្រុម​អ្នកជំនាញមុជ​ទឹក​ប្រើប្រាស់ នៅក្នុងកិច្ចខិតខំ​ប្រឹង​ប្រែង​របស់ពួកគេ ដើម្បីធ្វើដំណើរ​ទៅដល់ច្រកបំបែកមួយ ដែលជាកន្លែង​ក្មេង​ៗ​​ទាំង​ ១២នាក់ ព្រមទាំង​គ្រូបង្វិកបាល់​ទាត់របស់ពួកគេម្នាក់ ដែលត្រូវគេជឿជាក់ថា បានជាប់គាំងនៅទីនោះ តាំងតែ​ពីថ្ងៃទី២៣ ខែមិថុនា​មកម្ល៉េះ។

មកទល់នឹងព្រឹក​ថ្ងៃចន្ទ ដែលជាថ្ងៃទី ៩ នៃការជាប់ខ្លួនរបស់មនុស្សទាំង ១៣នាក់ នៅក្នុងរូងភ្នំ​នោះ មិនទាន់មាន​នរណាហ៊ានអះអាង​ជាផ្លូវការឡើយថា ពួកគេនៅរស់​ឬយ៉ាង​ណា ខណៈក្រុម​សង្គ្រោះបានចូល​ទៅដល់​ជិតទីចុងបំផុត​​នៃរូងភ្នំទៅ​ហើយ ដោយ​ពួកគេជឿ​ជាក់ថា ក្រុមមនុស្សទាំង​១៣នាក់ ប្រហែលជាព្យាយាម​រុលចូលទៅ​កាន់តែជ្រៅ​ទៅក្នុងរូងភ្នំ ថាំលួង ដើម្បីស្វែងរក​ច្រកចេញ និងគេចពី​ទឹកជំនន់៕