(បាងកក)៖ មន្ត្រីមកពីក្រសួងស្ថាប័នជាច្រើននៅប្រទេសថៃ កំពុងតែចូលរួមនៅក្នុង​ប្រតិបត្តិការសង្គ្រោះក្មេងៗ​កីឡាករទាំង ១២នាក់ និងគ្រូបង្វឹករបស់​ពួកគេម្នាក់ ដែលកំពុងជាប់​ខ្លួននៅក្នុងរូងភ្នំ ថាមលួង នៃខេត្ត​ឈៀងរ៉ៃ ភាគខាងជើង​​ប្រទេសថៃ ខណៈឈានចូលមក​ដល់ថ្ងៃទី ៧ ទៅហើយ តំរុងថា​ពួកគេនៅ​មានជីវិត ឬក៏អត់នោះ​មិនទាន់មាន​នរណាអាចអះអាង​បានឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានថៃ The Nation នៅព្រឹក​ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។

ប្រតិបត្តិការ​ជួយសង្គ្រោះជាថ្មី​ ត្រូវបានចាប់ផ្តើម​នៅវេលាម៉ោង ៧៖០០នាទី​ព្រឹកថ្ងៃសៅរ៍​នេះតែម្តង ដោយមាន​​មន្ត្រីប៉ូលិស ទាហាន បុគ្គលិក​​ក្រសួង-ស្ថាប័ន​រដ្ឋនានា និង​សមាគម​អ្នកមានជំនាញ​ខាងផ្លូវទឹក ឬរូងភ្នំនេះ​តែម្តង។ សម្រាប់​រយៈពេល​ប៉ុន្មានថ្ងៃមកនេះ ស្បៀងអាហារ វត្ថុប្រើប្រាស់ និងទូរស័ព្ទដៃជាដើម ត្រូវបានរៀបចំដាក់​ទៅក្នុង​ឡាំងជ័រធំ​ល្មមមួយ រួចទម្លាក់ចូល​ទៅក្នុងចន្លោះប្រហោង​នានា ទៅក្នុងរូង​ភ្នំដោយ​ក្រុម​អ្នកសង្គ្រោះ ដើម្បីក្មេងៗ​ទាំង​នោះអាចយក​ទៅទទួល​ទាន​​ជាបណ្តោះ​អាសន្ន និងទាក់ទង​មកអ្នក​​ខាងលើ​វិញ​​ប្រសិនបើពួក​គេ​ប្រទះឃើញ ប៉ុន្តែពុំទាន់​​មានសញ្ញា​​ណាមួយ​ចេញ​ពីរូងភ្នំ​នោះ​ឡើយ។

សម្រាប់​ថ្ងៃសៅរ៍នេះ ក្រុមជំនាញ-សង្គ្រោះ នឹងព្យាយាម​ទម្លាក់ខ្លួនចូលទៅកាន់​​ប្រហោងភ្នំ​នានា​ផ្សេងទៀត ដើម្បីរកផ្លូវចូល​ទៅក្នុងរូងភ្នំ ខណៈភ្លៀងធ្លាក់​នៅតែអាចគំរាម​កំហែង​ប្រតិបត្តិការនេះ​បានគ្រប់ពេល​វេលា។ ប្រតិបត្តិការនៅថ្ងៃសៅរ៍​នេះ គឺត្រូវប្រើ​រយៈពេលយូរ និងផ្លូវវែងឆ្ងាយ ដូច្នេះសមាជិក​នៃក្រុម​សង្គ្រោះ បានរៀបចំ​ចំណីអាហារ និងទឹកសុទ្ធ​ទៅតាម​ខ្លួនពួកគេ​រួចជាស្រេចផងដែរ។

គួរបញ្ជាក់ថា ក្មេងជំទង់ ១២នាក់ ដែលជាកីឡាករបាល់ទាត់​មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ម្នាក់​​ បានបាត់ខ្លួន​យ៉ាង​​អាថ៌កំបាំង តាំងតែ​ពីថ្ងៃសៅរ៍​សប្តាហ៍មុនមកម្ល៉េះ រីឯក្រុមអ្នកជួយ​សង្រ្គោះ​ជឿជាក់ថា អ្នកទាំងនេះកំពុង​ជាប់​នៅក្នុងរូងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើង​​នៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូងភ្នំ វែងជាង​គេបំផុតទី០៤ របស់ថៃ។ ក្មេងទាំងនេះមានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ​ ហើយគ្រូបង្វឹកបាល់ទាត់​របស់ពួកគេមាន​អាយុ ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាក​ចេញពីរូងភ្នំនេះបាន​ឡើយ នៅមុនពេលមាន​ទឹកជន់លិច ដោយសារតែភ្លៀងធ្លាក់​ខ្លាំង ។

លើសពីនេះទៅទៀត បើតាមប្រវត្តិនៃរូបភាព​របស់ក្រុមក្មេងៗកីឡាករទាំងនោះ គឺពួកគេធ្លាប់​ទៅកាន់​ទីនោះកាលពីចុងឆ្នាំ២០១៦ ផងដែរ៕